(ព្រៃវែង)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលា ស្ដីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន» ក្រោមអធិបតីភាព លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលមានអ្នកចូលរួមមកពី ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ លោក ផៃ ស៉ីផាន បានលើកឡើងថា ការចូលរួមនៅពេលនេះបង្ហាញពីការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្តល់ភាពកក់ក្ដៅយ៉ាងក្រៃលែងដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុតចូលរួមចំណែកលើអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍផុសផុលក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមលោក ផៃ ស៉ីផាន សិក្ខាសាលាស្តីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន» ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃនេះ មានគោលបំណង ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋនូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្ដល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ។
រួមជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយបំផុសព័ត៌មាន ឲ្យចូលកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្រ្ដីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
លោក ផៃ ស៉ីផាន បានគូសបញ្ជាក់ថា ក្នុងការបញ្ជ្រៀបព័ត៌មានជាប្រចាំ ជាមួយនឹងការបំផុសរូបភាពជាក់ស្ដែង នៃសមិទ្ធផលរឹង ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ជាផលប្រយោជន៍រួម (សមូហភាព) វាអាចស្ថិតនៅក្នុងអារម្មណ៍ ឬបេះដូងរបស់មនុស្សតែមួយរយៈខ្លីតែប៉ុណ្ណោះ លើកលែងតែវាក្លាយជាសម្បត្តិប្រវត្តិសាស្រ្ត ដែលខុសគ្នាពីប្រយោជន៍ផ្ទាល់ (សួនតួ) ដែលអាចថិតថេរនៅក្នុងចិត្តនៃមនុស្សលោកបាន អាស្រ័យហេតុនេះ គួរមានចំណាត់ការថ្លឹងថ្លែង រវាងផលសួនតួ និងសមូហភាព នៅក្នុងមធ្យោបាយបញ្ជ្រៀបព័ត៌មានផងដែរ។
ជាមួយនេះ លោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្ដុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារសុចរិត នៃផលប្រយោជន៍រួមរបស់ជាតិក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋរបស់យើង៕