(ភ្នំពេញ)៖ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៉ី បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ នៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការតបតាមការអញ្ជើញរបស់សម្តេចតេជោ។ នៅព្រលានយន្តហោះ លោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
អំឡុងបំពេញទស្សនកិច្ចនេះ លោកបានចូលគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង, ចូលសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោកក៏បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅក្នុងជំនួបភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងពិភពលោកផងដែរ។
ក្រោយបញ្ចប់ជំនួបនេះ កម្ពុជា-ម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងលើឯកសារទាំងពីរ រួមមាន៖ ទី១៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករការងារផ្ទះ និងទី២៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ៕