(ឧត្តរមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ខេត្តឧត្តរមានជ័យរកពុំឃើញមានករណីជំងឺគ្រុនចាញ់ទេ បើប្រៀបធៀបនឹងឆ្នាំមុនយើងមានជំងឺគ្រុនចាញ់តែ១ករណីប៉ុណ្ណោះ។
ការថ្លែងលើកឡើងរបស់លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។
លោក ឃ្លោក ហួត បានថ្លែងលើកឡើងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបការងារប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្រុកប្រតិបត្តិក្នុងការកំណត់ឲ្យបាននូវបញ្ហាប្រឈម និងដឹងឧបសគ្គសំខាន់ៗនៃការងារគ្រុនចាញ់ក្នុងការពិភាក្សាកំណត់រកដំណោះស្រាយបញ្ហាជារួម ព្រមទាំងលើកនៅទិសដៅយុទ្ធសាស្ត្របន្ត។
លោកថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល ដោយបង្កើតនូវយន្តការចាប់តាំងពីថ្នាក់ជាតិ រហូតមកដល់ថ្នាក់មូលដ្ឋានក្នុងការចូលរួម ដោយធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យមានបញ្ហាកើតឡើងចំពោះប្រជាពលរដ្ឋក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ដោយលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបាននៅក្នុងឆ្នាំ២០២៥ខាងមុខ។
ដើម្បីគ្រប់គ្រងហានិភ័យនៃការរាតត្បាតនៃជំងឺគ្រុនចាញ់នេះឲ្យបានទាន់ពេលវេលា គឺមន្រ្តីសុខាភិបាល និងភ្នាក់ងារលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តទាំងអស់ ត្រូវចូលរួមក្ដាប់ឲ្យបាននូវសភាពការណ៍នៃជំងឺនឹងចាត់វិធានការជាបន្ទាន់ ដោយពិនិត្យ វិនិច្ឆ័យ ព្យាបាលទៅតាមស្ថានភាពជំងឺជាក់ស្ដែង និងជាពិសេសចុះកំណត់តំបន់ដែលមានប្រជាជនចល័តច្រើន ដោយការធ្វើតេស្តឈាម និងចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗផងដែរ៕