(កណ្តាល)៖ លោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញកាត់ខ្សែបូឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តកែវកុមារនេត្រ (វត្តព្រែកក្មេង) ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
ពិធីនេះក៏មានការចូលរួមពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម, បណ្ឌិត ម៉ិញ បានកុសល ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំព្រែកក្មេង និងមានការអញ្ជើញចូលរួមពីបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ រួមទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងឱកាសនោះ លោក គង់ វិបុល បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ជូនលោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកល្វាឯម ក៏ដូចជានៅទូទាំងខេត្តកណ្តាល។
សមិទ្ធផលដែលដាក់ឆ្លងនាថ្ងៃនេះរួមមាន ឧបដ្ឋានសាលា ១ខ្នង ទទឹង២៥ម៉ែត្របណ្តោយ៤០ម៉ែត្រ ការចាក់បំពេញដីទីធ្លាវត្ត ដែលកើតចេញពីការផ្តួចផ្តើមរបស់បណ្ឌិត ម៉ិញ បានកុសល, បណ្ឌិតម៉ៅ ភិរុណ និងក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកក្មេងទាំងអស់ លោកអភិបាលស្រុក អាជ្ញាធរដែនដី ព្រមទាំងពុទ្ធបរិស័ទ្ធក្នុងស្រុក និងក្រៅស្រុកគ្រប់ទិសទី។ សមិទ្ធផលទាំងនេះ ក៏មានការចូលរួមចំណែកជាធនធាន ពីសំណាក់ព្រះសង្ឃ សប្បុរសជនជិតឆ្ងាយ។
លោក គង់ វិបុល បានលើកឡើងពីកត្តាសុខសន្តិភាពរបស់ប្រទេស បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីកសាងនូវអានិសង្សរៀងៗខ្លួន។
លោកបានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងឃុំដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រែកក្មេងនេះឈ្នះគ្រប់អាណត្តិ ពិសេស បានឈ្នះដាច់នៅឆ្នាំ២០២២ និងបានជាប់ចំណាក់ថ្នាក់លេខ១ទូទាំងខេត្តកណ្តាល។
លោកបានឧបត្ថម្ភ កសាងនូវអគារសិក្សា ១ខ្នង ស្មើនឹង ៦បន្ទប់ តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងយល់ឃើញអំពីតម្រូវការចាំបាច់ នៃអគារសិក្សាសម្រាប់សាលាបថមសិក្សា ដែលចំនួនកុមារចូលរៀន មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឃុំព្រែកក្មេង។
លោក គង់ វិបុល បានអរគុណ និងសូមឱ្យប្រជាពលរដ្ឋក្នុងឃុំបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន ជាបន្តបន្ទាប់ទៀត។ សន្លឹកឆ្នោតមួយសន្លឹករបស់ពលរដ្ឋមួយរូប សបញ្ជាក់អំពីការចូលរួមជាមួយគណបក្សប្រជាជនក្នុងការថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពគឺមានសារៈសំខាន់ណាស់ មានសន្តិភាពគឺមានការរីកចម្រើន មានសន្តិភាព គឺមានការអភិវឌ្ឍ សុខសន្តិភាពបានធ្វើឱ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ ដើរលេងកំសាន្ត និងការបំពេញបុណ្យកុសល៕