(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអអញ្ជើជាអធិបតីភាពពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «លើសពីនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ម៉្យាងទៀត រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្នុងអំឡុងពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនាពិសេសសាសនាឥស្លាមត្រូវបានលុបបំបាត់ទាំងស្រុង ។ ការណ៍នេះ គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងការហែកហួរគ្នាហើយក៏ជាលទ្ធផលនៃការដណ្តើមអំណាច និងការព្យាយាមផ្លាស់ប្តូររដ្ឋាភិបាល ដោយការប្រើប្រាស់កម្លាំងការខ្វះនូវសាមគ្គីភាពផ្ទៃក្នុង និងឯកភាពជាតិ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលឈរលើមូលដ្ឋាននៃស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ ក្នុងគោលដៅបង្រួបបង្រួមកម្លាំងប្រជាជាតិទាំងមូលជាធ្លុងមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តារឡើងវិញ និងរក្សាបាននូវសុខសន្តិភាពជូនប្រជាជនដែលកាលនេះ គឺជាបុរេលក្ខខ័ណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សុខសន្តិភាពដែលយើងខិតខំរកបានយ៉ាងលំបាកកំពុងត្រូវបានខិតខំថែរក្សាការពារទោះក្នុងតម្លៃណាក៏ដោយ ហើយសុខសន្តិភាពនេះកំពុងផ្តល់ផ្លែផ្កាជាច្រើនប្រជាជនកម្ពុជាគ្រប់រូប រាប់ទាំងប្អូនឥស្លាមផងដែរ។ ដែលកម្ពុជាពីមុនដែលល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព។ កម្ពុជាពីមុន ដែលជាប្រទេសអន់ថយខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់៕