(ព្រៃវែង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានពិការភាពជាប់ខ្លួនចំនួន២៥នាក់ ក្នុងចំណោម៣០នាក់ ដែលទទួលបានការអញ្ជើញ បានមកចូលរួមក្នុងវេទិកាពិភាក្សា និងសួរសុខទុក្ខ រៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាពីប្រភេទជំងឺប្រចាំកាយ របស់អ្នកចូលរួមជាជនពិការដែលបន្សល់ទុកពីរបបខ្មែរក្រហម។
សូមបញ្ជាក់ថា អ្នកចូលរួមទាំងអស់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់បានជួប សម្ភាស និងកត់ត្រាសាច់រឿងបទពិសោធន៍ឆ្លងកាត់សម័យខ្មែរក្រហម ពីក្រុមអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីប៉ុន្មានឆ្នាំកន្លងទៅរួចមកហើយ។
ជំនួបលើកនេះ ជាការជួបជុំគ្នាលើកដំបូងដែល បង្ហាញពីការយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់អ្នកទាំងនោះ ពីសំណាក់មជ្ឈមណ្ឌលឯកសារកម្ពុជា ហើយក៏ជាជំនួបនៃការផ្លាស់ប្តូរការពិភាក្សា អំពីបញ្ហាសុខភាព ឬជំងឺរ៉ុំារ៉ៃដែលកំពុងកើតមានក្នុងខ្លួនគាត់នាពេលបច្ចុប្បន្នដែរ។
លោក ផេង ពង្សរ៉ាស៊ី នាយកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានណែនាំពីការិយាល័យ កិច្ចការ តួនាទី និងលទ្ធផលការងាររបស់មជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ដល់អ្នកចូលរួមទាំងអស់ មុនពេលដែលវេទិកានេះ ឈានដល់ការពិភាក្សាពីបញ្ហាសុខភាព និងសួរសុខទុក្ខ។
ជាមួយគ្នានេះដែរ អ្នកចូលរួមទាំងអស់ ក៏បានទស្សនាវីដេអូឯកសារមួយចំនួន ដែលជាការផលិតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជានាពេលថ្មីៗនេះ ទាក់ទងនឹងកិច្ចសម្ភាសខ្លីៗ ជាមួយអ្នករស់រានមានជីវិតឯទៀតៗស្ថិតនៅ តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តកំពត បាត់ដំបង និងកំពង់ចាម។
ពុំមានការពិភាក្សាណាមួយ អំពីខ្សែវីដេអូរទាំងនេះទេ ប៉ុន្តែការសន្ទនានៅក្នុងវីដេអូ បានធ្វើឲ្យអ្នកចូលរួមទាំងអស់ខ្សឹបខ្សៀវគ្នា ពីការនឹកឃើញឡើងវិញ ពីសកម្មភាពនៃអ្នកស្ម័គ្រចិត្តកម្ពុជា ដែលធ្លាប់បានសម្ភាសគាត់នៅតាមផ្ទះ ដែលមានសភាពប្រហាក់ប្រហែលគ្នា។
លោក គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» បានចាប់ផ្តើមការពិភាក្សារបស់ខ្លួន ជាមួយអ្នកចូលរួម ទាក់ទងនឹងសុខភាព និងពិការភាព។
លោកបន្ដថា បន្ទាប់ពីការធ្វើបទបង្ហាញខ្លីស្តីអំពីការថែទាំសុខភាព សុវណ្ណដានី បានសាកសួរអ្នកចូលរួមទាំងអស់ពីប្រភេទជំងឺប្រចាំកាយ និងពីមូលហេតុដែលនាំឲ្យមានពិការភាពរហូតមកដល់សព្វថ្ងៃ។ តាមរយៈការសាកសួរជារួម យើងសង្កេតឃើញថាអ្នកចូលរួមភាគច្រើនមានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺក្រពះរ៉ុំារ៉ៃ។ អ្នកចូលរួមភាគច្រើន មានបញ្ហាភ្នែកឡើងបាយ ស្រវ៉ុំាង និងមើលមិនឃើញ។
អ៊ំប្រុស អន ពន អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រៃកន្សា ឃុំចាម ស្រុកកំពង់ត្របែក បានរៀបរាប់ប្រាប់ពីមូលហេតុនៃពិការភាពរបស់គាត់ថា មូលហេតុដែលនាំឲ្យគាត់កាត់ជើងឆ្វេង គឺដោយសារតែត្រូវអម្បែងគ្រាប់៦០មីលីម៉ែត្រកាលពីឆ្នាំ១៩៧០ ក្នុងពេលដែលមានការប្រយុទ្ធគ្នារវាងវៀតណាមខាងជើង និងខាងត្បូង។
«កាលនោះ ខ្ញុំកំពុងឃ្វាលគោនៅក្បែរផ្ទះ។ គាប់ជួនពេលនេះ មានការប្រយុទ្ធគ្នាបានកើតឡើងភ្លាមៗ។ ឪពុកម្តាយខ្ញុំ មិនដែលរត់ចោលផ្ទះទេទោះបីជាមានការប្រយុទ្ធគ្នាក្នុងភូមិក៏ដោយ។ ខ្ញុំត្រូវអម្បែងគ្រាប់៦០មីលីម៉ែត្រ ហើយអម្បែងនេះនៅបៀបជាប់នឹងជើងខ្ញុំរហូត»។
ជើងរបស់ ពន ទើបត្រូវបានកាត់កាលពីឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ដោយសារតែគាត់ទ្រាំនឹងភាពឈឺចាប់មិនបាន។ បន្ទាប់ពីកាត់ជើង និងជាសះស្បើយរួច គាត់លែងមានការឈឺចាប់ទៀតហើយ ប៉ុន្តែគាត់ទទួលរងនូវការប៉ះពាល់ផ្លូវចិត្តអស់រយៈពេលជិតបីឆ្នាំកន្លងមកហើយ ដោយសារតែការបាត់បង់ជើងម្ខាងរបស់គាត់។
«បន្ទាប់ពីកាត់ជើងចោលម្ខាង ខ្ញុំឈឺចាប់តែពេលកាត់ភ្លាមៗទេ។ ប៉ុន្តែដល់ជើងជាសះស្បើយ ខ្ញុំនៅតែមានអារម្មណ៍មិនល្អសោះ ព្រោះអីខ្ញុំធ្លាប់មានជើងពីរ ដល់ពេលនៅសល់តែម្ខាង ខ្ញុំពិតជាពិបាកក្នុងចិត្តណាស់»។
ពន បានរំឮកពីកំហឹងរបស់គាត់ពេលដែលគាត់ត្រូវគ្រាប់ថា គាត់បានស្ម័គ្រចិត្តចូលបម្រើក្នុងជួរខ្មែររំដោះ និងបានចូលធ្វើជាទាហានខ្មែរក្រហមរហូតដល់ចុងឆ្នាំ១៩៧៨ មុនពេលដែលគាត់ត្រូវបានចាប់ខ្លួនមកដាក់ក្នុងមន្ទីរឃុំឃាំងមួយនាខេត្តកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៤ ពន បានទទួលតួនាទីជាប្រធាន «ខ» គ្រប់គ្រងទាហាន៣០នាក់។
សមាជិករបស់គាត់ បានស្លាប់ជាបន្តបន្ទាប់ក្នុងពេលប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំង លន់ នល់។ ក្នុងពេលប្រយុទ្ធគ្នាមួយនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពន ត្រូវរបួសខ្នងម្តងទៀត។ គាត់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ក្រោយថ្ងៃ១៧ មេសា ១៩៧៥ ពន ត្រូវចូលបម្រើទាហានខ្មែរក្រហមដដែល ដែលស្ថិតនៅតាមព្រំប្រទល់កម្ពុជានិងវៀតណាម។
«ពេលខ្ញុំត្រូវគ្រាប់ ខ្ញុំខឹងនឹងពួកធីវគីណាស់។ កាលនោះ ខ្ញុំស្គាល់កងទ័ពយៀកកុងម្នាក់ដែលរាប់អានគ្រួសារខ្ញុំ។ ខ្ញុំបានសុំគាត់ចូលបម្រើបដិវត្តន៍។ ខ្ញុំចេញពីផ្ទះទៅហាត់រៀនក្បួនយុទ្ធសាស្ត្រ និងបានទៅបម្រើការនៅខេត្តស្វាយរៀង។ ខ្ញុំទទួលបានតំណែងជាប្រធាន «ខ» ដឹកនាំកម្លាំង៣០នាក់។
កម្លាំងរបស់ខ្ញុំបានបាត់បង់រាល់ពេលប្រយុទ្ធគ្នា ហើយកម្លាំងថ្មីៗដែលបានជ្រើសរើសចេញពីភូមិ ត្រូវមកជំនួសកម្លាំងដែលស្លាប់។ ថ្ងៃមួយនៅឆ្នាំ១៩៧៤ ខ្ញុំត្រូវគ្រាប់ឆ្អឹងខ្នង ក្នុងពេលប្រយុទ្ធគ្នានៅសមរភូមិស្វាយជ្រុំ ខេត្តស្វាយរៀង។ ខ្ញុំត្រូវបញ្ជូនឲ្យទៅដេកពេទ្យ និងត្រឡប់មកចូលធ្វើទ័ពវិញនៅក្រោយថ្ងៃរំដោះ១៧មេសា»។
ក្នុងពេលអង្គុយស្តាប់ការពិភាក្សាក្នុងវេទិកា ពន តែងតែយកដៃមកអង្អែលជើងរបស់គាត់ដែលបានកាត់កាលពីឆ្នាំ២០២០។ ទឹកមុខរបស់គាត់នៅពេលនេះ គឺរីករាយ និងរួសរាយរាក់ទាក់មកកាន់ក្រុមការងារ។ គាត់បាននិយាយច្រើនពីបទពិសោធន៍របស់គាត់ឆ្លងកាត់របបខ្មែរក្រហម។ ក្រៅពីពិការភាព ពន នៅមានជំងឺប្រចាំកាយមួយទៀត គឺលើសសម្ពាធឈាម។
ពន មិនសូវខ្វលខ្វាយពីជំងឺប្រចាំកាយរបស់គាត់ប៉ុន្មានទេ ព្រោះថាគាត់បានតាមដានសុខភាពរបស់គាត់ជាប្រចាំ។ «ខ្ញុំបានមើលសុខភាពខ្ញុំ។ ម្តងឈាមឡើងរហូតដល់១៧ ឬ១៨។ ម្តង ចុះមកដល់១៣ ឬ១៤វិញ»។ ជាការផ្ញើសារត្រឡប់ទៅកាន់ ពន និងអ្នកចូលរួមឯទៀត សុវណ្ណដានី បានបង្ហាញពីកូនសៀវភៅមួយដែលរៀបរៀងដោយមជ្ឈមណ្ឌលឯកសរកម្ពុជា ស្តីពីវិធីសាស្ត្រខ្លះៗក្នុងការថែរក្សាសុខភាព ជាពិសេសប្រភេទជំងឺទាំង១០ប្រភេទដែលជាជំងឺរ៉ុំារ៉ៃ។
ពន និងអ្នកចូលរួមឯទៀត បង្ហាញពីអារម្មណ៍រីករាយ និងសប្បាយចិត្តចំពោះការអញ្ជើញចូលរួមក្នុងវេទិកាព្រឹកនេះ និងបានថ្លែងអំណរគុណដល់ការបង្កើតកម្មវិធីនេះឡើង៕