(អ៊ីរ៉ាក់)៖ យោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី៧ ខែកក្កដានេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត នៅផ្សារមួយក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ បានកើនឡើងដល់២៨២នាក់។ បន្ទាប់ពីមានករណីវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាត ដែលជាទង្វើរបស់ក្រុម ISIS នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៉ីរ៉ាក់ លោក Mohammed Ghabban បានប្រកាស លាលែងពីតំណែង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយ ដែលមានចរាចរណ៍ដ៏មមាញឹក ស្របពេលក្រុមគ្រួសារម៉ូស្លីម ជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ៕