(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញជាអធិបតីក្នុងពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។
លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ថ្លែងក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ បានថ្លែងឲ្យដឹងថា ពិធីពិសាអាហារស្រាយបួសលើកទី៧ ឆ្នាំ២០២៣នេះមានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត សមាគម អង្គការចំនួន ៦១០០ នាក់ ក្នុងនេះមានគណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អ៊ីមុំាម៉ាស្ជិត គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ កីឡាករស៊ីហ្គេមឥស្លាម ដែលអញ្ជើញមកពីបណ្តាខេត្តទូទាំងប្រទេសចំនួនជាង ២ ៧០០នាក់ ក្នុងរាជធានីភ្នំពេញជាង ២ ៨០០នាក់ និងប្រិយមិត្តក្នុង និងក្រៅពីបរទេសចំនួនជាង ៥00 នាក់ ដែលមាន ៣៣ជាតិសាសន៍។
លោកបន្តថា ឆ្នាំនេះ ជាឆ្នាំទី៧ហើយ បន្ទាប់ពីសម្តេចតេជោ បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ (២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩។
លោកបន្ថែមថា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅលើសកលលោក កំពុងបួសតមអាហារ ពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះ រយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាម។
លោកទេសរដ្ឋមន្ត្រីបន្តថា សម្តេចតេជោ បានដោះស្រាយនូវសំណូមពរជាច្រើន ជូនបងប្អូនខ្មែរឥស្លាម ទាំងផ្តល់គ្រូបង្រៀនខ្មែរឥស្លាម សាលារៀននៅតាមបណ្តាភូមិឥស្លាមជាច្រើន មិនតែប៉ុណ្ណោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់គោលនយោបាយ រៀបចំឱ្យមានបងប្អូនមុស្លិម បានចូលរួមបម្រើកិច្ចការជូនជាតិ នៅក្នុងស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីជាន់ខ្ពស់នគរបាល យោធា ។ល។ ដែលនៅអាណត្តិទី៦នេះ មាន៖ សមាជិកព្រឹទ្ធសភា០២រូប សមាជិករដ្ឋសភា០៨ រូប (ស្ត្រី២រូប) សមាជិករាជរដ្ឋាភិបាលជាទេសរដ្ឋមន្ត្រី ០១រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១រូប រដ្ឋលេខាធិការ ១៥ រូប (ស្ត្រី២រូប) អនុរដ្ឋលេខាធិការ២២រូប (ស្ត្រី៤ រូប)ទីប្រឹក្សាជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ២៦រូប អភិបាលរងរាជធានី-ខេត្ត ១៣រូប អភិបាលរងក្រុង ស្រុក ខណ្ឌ ៤៧រូប សមាជិកក្រុមប្រឹក្សាខេត្ត ១១រូប សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៨៨រូប សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ១៦៧រូប និងមន្ត្រីថ្នាក់ឧត្តមសេនីយ៍នគរបាល យោធា២១រូប និងបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៥០០នាក់ និងគ្រូជាប់កិច្ចសន្យា ១៧៨នាក់ ក្នុងនេះមានស្ត្រី ៣៥០នាក់ តាំងពីឆ្នាំ២០១៥។
លោកបន្តថា បងប្អូនមុស្លិមកម្ពុជាពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំប្រទេស ជាអ្នកកាន់សាសនាព្រះពុទ្ធ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ដែលបានធ្វើឱ្យមាន គោលនយោបាយសុខដុមនីយកម្ម លើគ្រប់ជាតិសាសន៍សាសនា។ បងប្អូនទាំងអស់គ្នាប្តេជ្ញា នៅតែបន្តបោះឆ្នោតគាំទ្រ សម្តេចតេជោ ដែលជាបេក្ខជននាយករដ្ឋមន្ត្រី នៅអាណត្តិខាងមុខ និងសូមគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕