(ភ្នំពេញ)៖ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានអះអាងថា មានពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃរាប់សែននាក់ មិនទាន់ទទួលបានលិខិតឆ្លងដែននៅឡើយទេ បើទោះបីការធ្វើនោះ បានចំណាយពេលអស់រយៈពេលជាច្រើនខែមកហើយក្តី។ ក្រុមតំណាងរាស្រ្តបក្សប្រឆាំង បានស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ ពន្លឿនការធ្វើលិខិតឆ្លងដែននេះជូនទៅពលករខ្មែរទាំងនោះ។
សូមរំលឹកថា ក្រោយពេលរដ្ឋាភិបាលយោធាថៃ បានដឹកពលករខ្មែរមកចាក់ចោលនៅព្រំដែន ក្រោមហេតុផលពលករខុសច្បាប់នោះកាលពីអំឡុងឆ្នាំ២០១៤នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់មន្រ្តីអន្តរក្រសួងរួមមាន មន្រ្តីអត្តសញ្ញាណកម្ម សហការជាមួយមន្រ្តីក្រសួងការងារ ចុះទៅធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរដល់ប្រទេសថៃ ក្នុងបំណងសម្រួលភាពស្របច្បាប់ នៃការរស់នៅ និងធ្វើការជូនប្រជាពលរដ្ឋទាំងនោះ។
នៅក្នុងលិខិតស្នើសុំអន្តរាគមន៍ទៅកាន់សម្តេចក្រឡាហោម ស ខេង តាមរយៈលោក ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤នេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានគូសបញ្ជាក់ថា ពលករខ្មែរបានចំណាយថវិកាប្រមាណ ១.៤០០បាត ក្នុងម្នាក់ៗ ដើម្បីធ្វើលិខិតឆ្លងដែរនសញ្ជាតិខ្មែរនេះ។ ក្រុមតំណាងរាស្រ្តបក្សប្រឆាំង បានបញ្ជាក់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្នពលករខ្មែរនៅប្រទេសថៃរាប់សែននាក់ មិនទាន់ទទួលបានលិខិតឆ្លងដែរនេះនៅឡើយទេ។
ក្រុមតំណាងរាស្រ្តបក្សប្រឆាំង បានស្នើសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ និងចាត់វិធានការឲ្យពលករខ្មែរទទួលបានលិខិតឆ្លងដែន។
តាមការប៉ាន់ប្រមាណមានពលករខ្មែរមិនក្រោម ១លាននាក់នោះឡើយ បាននិងកំពុងធ្វើការងារនៅក្នុងប្រទេសថៃក្នុងវិស័យកសិកម្ម វិស័យកាត់ដេរ និងវិស័យផ្សេងៗមួយចំនួនទៀត។ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ ពួកគេបានសម្តែងការរីករាយខ្លាំង ចំពោះការចាត់បញ្ជូនមន្រ្តីចុះធ្វើលិខិតឆ្លងដែនជូនពួកគេដល់ក្នុងប្រទេសថៃ។ ការផ្តល់លិខិតឆ្លងដែននេះ នឹងជួយឲ្យការធ្វើការងារ និងរស់នៅរបស់ពួកគេក្នុងប្រទេសថៃកាន់តែងាយស្រួល និងមិនព្រួយបារម្ភក្លាចអាជ្ញាធរចាប់ខ្លួន។
បើទោះបីជាយ៉ាងពាក់ព័ន្ធនិងការលើកឡើងថា មានពលករខ្មែររាប់សែននាក់ មិនទទួលបានលិខិតឆ្លងដែនរបស់តំណាងរាស្រ្តបក្សប្រឆាំងនេះ Fresh News មិនទាន់អាចស្វែងរកការបំភ្លឺពីមន្រ្តីក្រសួងការងារ ក៏ដូចជាមន្រ្តីអត្តសញ្ញាណកម្មបាននៅឡើយទេ៕