(បន្ទាយមានជ័យ)៖ លោកស្រី អ៊ុរីរ៉ាត់ ចៈរើនតូ អគ្គនាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (TICA) នៃក្រសួងការបរទេសថៃ តំណាងឲ្យរដ្ឋាភិបាលថៃ នៃការប្រគល់អគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (Poipet Referral Hospital) ដែលទទួលបាននូវការជួសជុល និងពង្រីកបន្ថែម ព្រមទាំងរថយន្តគិលានសង្គ្រោះ១គ្រឿង សម្រាប់មន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ជូនដល់លោកវេជ្ជបណ្ឌិត ឈុំ វណ្ណរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាតំណាងភាគីកម្ពុជា ក្នុងការទទួលជំនួយនេះ។
ជំនួយខាងលើនេះ ជាថវិកាដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលថៃ ដោយបានធ្វើការពង្រីក និងជួសជុលអគារសង្គ្រោះបន្ទាន់ នៃមន្ទីរបង្អែកប៉ោយប៉ែត រួចរាល់ជាស្ថាពរ និងត្រៀមរួចរាល់សម្រាប់ផ្តល់ សេវាកម្មជូនដល់ប្រជាជន ដែលជាការអនុវត្តន៍ការងារ ក្រោមគម្រោងការអភិវឌ្ឍន៍សក្ដានុពល ការបញ្ជូនអ្នកជំងឺបន្តនៅព្រំដែន កម្ពុជា-ថៃ ដោយមាននាយកដ្ឋានគ្រប់គ្រងការងារសុខាភិបាល ការិយាល័យរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តស្រះកែវ សហការគ្នា ក្នុងការអនុវត្តការងារក្រោមផែនការ ការងារកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍ កម្ពុជា-ថៃ លើវិស័យសុខាភិបាលដំណាក់កាលទី២ (២០២២-២០២៤)។
នៅក្នុងពិធីប្រគល់អគារសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភ្ញៀវកិត្តយសដូចជា៖ លោក ឆៅវៈនេត យីមប្រៈស៊ើត អភិបាលរងខេត្តស្រះកែវ, លោកវេជ្ជបណ្ឌិត អិតធិផុន អុតតៈមៈប៉ាន់យ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្រះកែវ, លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ក្រៅពីការជួសជុល និងពង្រីកអគារសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងរថយន្តគិលានសង្រ្គោះហើយនោះ រដ្ឋាភិបាលថៃ បានឧបត្ថម្ភនូវគ្រែពហុមុខងារចំនួន១ ដែលជាការច្នៃប្រឌិតរបស់ ក្រុមអ្នកស្រាវជ្រាវ នៃមហាវិទ្យាល័យវេជ្ជសាស្ត្ររបស់សកលវិទ្យាល័យសុងខ្លានៈខៈរិន្ទ ដោយទទួលបានការឧបត្តម្ភថវិកា សម្រាប់អនុវត្តការស្រាវជ្រាវ និងអភិវឌ្ឍពីការិយាល័យគណៈកម្មការវិទ្យាសាស្ត្រ ស្រាវជា្រវ និងនវានុវត្ត និងសហការជាមួយក្រុមហ៊ុន Krungthep Kuruphan Vejchaphan Co.,Ltd., និង ផលិតផលស្រ្ពេបាញ់ N-Dro care របស់ក្រុមហ៊ុន Lilly Pharma Co., Ltd. ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដែលជាកិច្ចសហប្រតិបត្តិការនៃទម្រង់ Public Private Partnership (PPP)។
ការពង្រីក និងជួសជុលអគារសង្រ្គោះបន្ទាន់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត រថយន្តគិលានសង្គ្រោះ១គ្រឿង រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងផលិតដូចរៀបរាប់ខាងលើនេះ ជានិមិត្តសញ្ញា នៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងប្រទេសទាំងពីរ និងជាសេចក្តីព្យាយាម ក្នុងការអភិវឌ្ឍន៍ការតភ្ជាប់ប្រព័ន្ធ ការបញ្ជូនអ្នកជំងឺរវាងខេត្តដៃគូព្រំដែន កម្ពុជា-ថៃ ឲ្យមានប្រសិទ្ធភាព និងសម្រាប់ធ្វើឲ្យប្រជាជនទាំងពីរប្រទេស ដែលនៅតាមបណ្តោយព្រំដែន ទទួលបាននូវការផ្តល់សេវាសុខាភិបាល ពេលដែលត្រូវការបានយ៉ាងល្អប្រសើរ៕