(រតនគិរី)៖ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តរតនគិរី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក មួង ប៉ាង អភិបាលរងខេត្ត ដែលមានសិក្ខាកាមចូលរួមរៀនសូត្រ ចំនួន១១៣នាក់ (ស្រី២៧នាក់)។
លោក ខេង សារ៉ាត់ ប្រធានស្តីទីមន្ទីរផែនការខេត្ត បានថ្លែងថា វគ្គបណ្តុះបណ្ដាលស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅកម្ពុជា សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍នៅខេត្ថរតនគិរីនាពេលនេះ ពិតជាសំខាន់ណាស់សម្រាប់ មន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យ ដើម្បីទទួលបានចំណេះដឹង និងចំណេះធ្វើពេលចុះធ្វើយុទ្ធនាការសម្ភាសន៍ នៅតាមទីតាំងអង្គភាពកសិកម្ម ដែលមានជាអាទិ៍ គ្រួសារកាន់កាប់កសិកម្ម និងសហគ្រាស កសិដ្ឋានកសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់ ដែលស្ថិតនៅក្នុងមូលដ្ឋានភូមិឃុំសង្កាត់ក្រុងស្រុក ចាប់ពីថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០២៣។
លោក ខេង សារ៉ាត់ បន្តថា គោលបំណង និងសារៈសំខាន់បំផុត នៃជំរឿនកសិកម្មកម្ពុជា គឺជាការងារមានគុណតម្លៃបំផុតជាប្រវត្តិសាស្ត្រ ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូល ដ៏សំខាន់ក្នុងការធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យ កសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងជាសូចនាករយ៉ាងសំខាន់ សម្រាប់ធ្វើការត្រួតពិនិត្យតាមដានវាយតម្លៃលើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការគណនាកំណើនសេដ្ឋកិច្ច(គណនេយ្យជាតិ) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។
ក្នុងន័យនេះយើងត្រូវមានទិន្នន័យ តួលេខឱ្យបានច្បាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ ឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់ទិន្នន័យដោយផ្អែកតាមបរិបទសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកដែលមានការ ប្រែប្រួល រីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ថ្លែងបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈខាន់នេះលោក មួង ប៉ាង បានលើកឡើងថា ការធ្វើជំរឿនកសិកម្ម គឺអនុវត្តរៀងរាល់១០ឆ្នាំម្តង កាលពីឆ្នាំ២០១៣ ប្រទេសកម្ពុជា ក៏ដូចជាខេត្តរតនគិរីបានធ្វើជំរឿនកសិកម្មនេះម្តងរួចមកហើយ។ រហូតមកដល់ឆ្នាំ២០២៣នេះ យើងនឹងធ្វើជំរឿនកសិកម្មនេះម្តងទៀត ដោយផ្ដោតសំខាន់ទៅលើការប្រមូល និងចងក្រងទិន្នន័យ កាន់កាប់របរកសិកម្ម ការកាន់កាប់ដីធ្លី ការដាំដុះដំណាំផ្សេងៗ ការចិញ្ចឹមបសុសត្វនិង បសុបក្សី ការនេសាទ និងវារីវប្បកម្ម សកម្មភាពសេដ្ឋកិច្ច ការកាន់កាប់គ្រួសារកសិកម្មគ្រួសារកសិកម្ម និងប្រជាជន សន្តិសុខស្បៀង និងគ្រួសារកសិកម្ម វិធីសាស្រ្តប្រមូល និងគុណភាពទិន្នន័យ។ ហើយទិន្នន័យដែលប្រមូលបាន និងចងក្រងស្ថិតិពីជំរឿន ត្រូវយកមកប្រើប្រាស់ក្នុងការរៀបចំផែនការ និងកសាងគោលនយោបាយកម្មវិធីអភិវឌ្ឍន៍នានាដើម្បីលើកកម្ពស់វិស័យកសិកម្មឱ្យបានល្អប្រសើរ។
លោកអភិបាលរងខេត្តបានចាត់ទុកវគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយមានសារសំខាន់ណាស់ព្រោះថា លោក លោកស្រីដែលអញ្ជើញមកពី មន្រ្តីមន្ទីរផែនការខេត្ត បុគ្គលិកកសិកម្ម គ្រូបង្រៀន និងអ្នកមកពីប្រភពផ្សេងៗទៀត នឹងទទួលបាននូវផ្នែកបច្ចេកទេស នីតិវិធី និងវិធីសាស្ត្រចំណេះដឹង ក្នុងការប្រមូលទិន្ន័យកសិកម្មឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយទៅតាមបញ្ជីសំណួរជំរឿនដែលបានកំណត់៕