(ក្រចេះ)៖ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកវេទិកាពិគ្រោះយោបល់ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តក្រចេះ និងអង្គការសង្គមស៊ីវិលដែលកំពុងប្រតិបត្តិការ នៅក្នុងមូលដ្ឋានខេត្តក្រចេះ។

លោក ហេង សុថា បានថ្លែងអំណរគុណក្រុមការងារបណ្តាញអង្គការសង្គមស៊ីវិល (KNN) ដែលបានសហការជាមួយទីចាត់ការអន្តរវិស័យបានល្អប្រសើរ ពិសេសការរៀបចំឲ្យមានវេទិកានេះឡើង ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ ដែលបានកំណត់ ក្នុងគោលបំណងផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត ជាមួយអង្គការមែនរដ្ឋាភិបាល សមាគមនានាឲ្យកាន់តែជិតស្និទ្ធ។

វេទិកានេះក៏បានរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រដល់សហគមន៍មូលដ្ឋាន និងចូលរួមអភិវឌ្ឍប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកខេត្តក្រចេះ ឲ្យកាន់តែរីកចំរើនលើគ្រប់វិស័យថែមទៀត។

សមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលយើងសម្រេចបាននាពេលកន្លងមករហូតបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានចាត់ទុកថា ជាការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល សមាគម វិស័យឯកជននានា ដែលបានចូលរួមចំណែកក្នុងការផ្តល់សេវាសង្គម លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២ អង្គការ និងសមាគមជាតិ-អន្តរជាតិ បានធ្វើសកម្មភាពក្នុងខេត្តក្រចេះ សរុបចំនួន៣៣អង្គការ/សមាគម ក្នុងនោះអង្គការជាតិចំនួន១២ សមាគមជាតិចំនួន៩ និងអង្គការអន្តរជាតិចំនួន១២ ជាក់ស្តែងរដ្ឋបាលខេត្តបានទទួលរបាយការណ៍ប្រចាំឆ្នាំ២០២២ ពីអង្គការសមាគមបានចំនួន១៨អង្គការ សមាគម ដែលបានអនុវត្តសកម្មភាពលើវិស័យរួមមាន៖

*វិស័យអប់រំ
*វិស័យសុខាភិបាល
*ការងារព្រៃឈើ
*ជលផល
*បរិស្ថាន
*ការអភិវឌ្ឍន៍ជំនាញតាមរយៈការបណ្ដុះបណ្ដាលដល់យុវជនដែលងាយរងគ្រោះ
*គម្រោងឆ្លើយតបបន្ទាន់អំពីតម្រូវការរបស់កុមារ និងគ្រោះមហន្តរាយ
*គណនេយ្យភាពសង្គម
*ការងារយុវជន
*ការប្រែប្រួលអាកាសធាតុ
*ការពង្រឹងសហគមន៍មូលដ្ឋាន
*ការសាងសង់អណ្តូងទឹកស្អាតនៅមូលដ្ឋាន។

លោកបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្តែងការកោតសរសើដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អស់លោក-លោកស្រី ដែលបានប្រឹងអស់កំលាំងកាយ កំលាំងចិត្ត ប្រាជ្ញាស្មារតីក្មុងការធ្វើបទបង្ហាញ ចូលរួមពិភាក្សា និងផ្តល់មតិយោបល់ដ៏មានសារៈសំខាន់នានា និងទទួលបានលទ្ធផលល្អប្រសើរ ចូលរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់ការទីបួនររបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈចំណាប់អារម្មណ៍តំណាងគណៈកម្មការបណ្តាញអង្គការសង្គមស៊ីវិលប្រចាំខេត្តក្រចេះ និងការពិភាក្សាផ្តល់មតិយោបល់យ៉ាងសកម្មពីសំណាក់អ្នកចូលរួមក្នុងអង្គវេទិកា៕