(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណវុឌ្ឍ ជាកត្តាអាទិភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងដើម្បីឲ្យស្របតាមនិន្នាការតំបន់ និងសកលលោក ។
ការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលនិស្សិតជំនាន់ទី៣២ ឆ្នាំសិក្សា២០២៣-២០២៤ និងពិធីប្រគល់អាហារូបករណ៍ ជូននិស្សិតជ័យលាភីនិទ្ទេស A សម្រាប់សិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រៀបចំឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងមណ្ឌលសិក្សាបច្ចេកទេសធនាគារ ខណ្ឌសែនសុខ។
លោក ជា ចាន់តូ បានបញ្ជាក់ថា ប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនទៅបានអាស្រ័យ នឹងការគ្រប់គ្រងការបែងចែកធនធានមនុស្សបានល្អ ស្របតាមជំនាញ និងសមត្ថភាព ដូចនេះទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់ទាំងបួន របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព សំដៅគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ។
លោកបានបន្ដថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសង្គមក៏ជាចំណែកដ៏សំខាន់ និងមិនអាចខ្វះបាន ព្រោះជាបុរេលក្ខខណ្ឌដ៏សំខាន់ សម្រាប់គាំទ្រការអភិវឌ្ឍប្រទេសជាតិ។
លោក ជា ចាន់តូ បានកោតសរសើរ និងអបអរសាទរលទ្ធផលសិក្សារៀនសូត្រ ដែលក្មួយៗសម្រេចបាន ប្រកបដោយស្មារតីឧស្សាហ៍ព្យាយាម រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះរួមទាំងក្មួយៗនិទ្ទេស A ទាំង១៩រូប ដែលបានប្រឡងជាប់ជាស្ថាពរចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ជំនាន់ទី៣២ និងទទួលបានអាហារូបករណ៍១០០% ពីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សារយៈពេលពេញ២ឆ្នាំសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។
លោកបានចាត់ទុកថា ជាជោគជ័យ និងជាមោទនភាពរួមរបស់ក្មួយៗ ក្រុមគ្រួសារផង និងសង្គមជាតិផងដែរ៕