(ភ្នំពេញ)៖ ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងម៉ាឡេស៊ី នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកវិសាលភាពប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរកាន់តែច្រើនជាងមុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី បង្ហាញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងជំនួបពិភាក្សានេះ កម្ពុជា-ម៉ាឡេស៊ី បានពិភាក្សាអំពិកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វភាគីរវាងប្រទេសទាំងពី និងបានប្តេជ្ញាបន្តលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យ រួមទាំងការធ្វើពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងបន្តលើកទឹកចិត្តភាគីទាំងពីរឱ្យមានទស្សនកិច្ចជាន់ខ្ពស់ឱ្យបានញឹកញាប់ ដើម្បីពង្រីកមិត្តភាពឱ្យកាន់តែជិតស្និត និងពង្រីកកិច្ចសហការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្តថា ៖ «ក្នុងការពង្រីកវិសាលភាពប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ខ្ញុំបានស្នើបង្កើននូវការទិញទំនិញដែលបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក ខ្ញុំបានលើកទឹកចិត្តឱ្យវិនិយោគិន និងក្រុមហ៊ុន ម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគ ឱ្យបានកាន់តែច្រើន»។
សម្តេចបានថ្លែងបន្តថា ចំពោះវិស័យកសិកម្ម ភាគីទាំងពីរ បានឯកភាពបន្តជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចក៏បានស្នើម៉ាឡេស៊ី បន្តបង្កើនទិញអង្ករ និងកសិផលពីកម្ពុជា តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា សម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅទីផ្សារម៉ាឡេស៊ី និងទីផ្សារផ្សេងទៀត។ ជាមួយគ្នានេះ កម្ពុជាលើកទឹកចិត្តវិនិយោគិន ម៉ាឡេស៊ី ឱ្យចូលរួមអភិវឌ្ឍឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និងឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យានៅកម្ពុជា។
នាឱកាសនោះ សម្តេចតេជោ បានសម្តែងក្តីរីករីករាយដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ សម្រេចបាន៦២០លានដុល្លារអាមេរិក កើនឡើង២៤% បើធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបានត្រឹម៥០០លានដុល្លារអាមេរិកប៉ុណ្ណោះ។
សម្តេច បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់អំពីការប្តេជ្ញា ធ្វើការយ៉ាងជិតស្និតជាមួយឯកឧត្តមរដ្ឋមន្រ្តី អ៊ីប្រាហ៊ីម ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត»។
លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានថ្លែងថា ការពិភាក្សា អំពីទាក់ទងពាណិជ្ជកម្ម ការវិនិយោគ ដែលបានធ្វើឡើងយ៉ាងទូលំទូលាយ គឺជាអទិភាពរបស់ប្រទេសទាំងពីរនៅក្នុងទំនាក់ទំនងទ្វេភាគី និងការពិភាក្សាពាក់ព័ន្ធឧស្សាហកម្មហាឡាល់ ដែលម៉ាឡេស៊ីមានការអភិវឌ្ឍន៍នោះ នឹងផ្តល់ឱកាសឱ្យម៉ាឡេស៊ី និងកម្ពុជា ប្រើប្រាស់វិស័យនេះ ដើម្បីលើកទឹកចិត្ត និងការសម្រួលការនាំចេញទៅក្រៅប្រទេស។
ទន្ទឹមគ្នា ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោកនឹងលើកទឹកចិត្តក្រុមហ៊ុនម៉ាឡេស៊ី ពិចារណាក្នុងការនាំចូលអង្ករ និងស្វាយចន្ទីពីកម្ពុជា៕