(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងរំលឹកដល់អនុស្សាវរីយ៍ដ៏គួរឲ្យចងចាំ គឺជាការស្គាល់គ្នាជាមួយលោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ដែលកាលនោះលោក អាន់វ៉ា បានរៀបចំពិសាអាហារមួយពេលជូនសម្តេច នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ហើយបើគិតមកដល់ពេលនេះ មានរយៈពេល ២៧ឆ្នាំមកហើយ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក អាន់វ៉ា បានអនុញ្ញាតបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីភរិយាសម្តេច ជូនដល់ភរិយាលោក អាន់វ៉ា ផងដែរ ព្រោះតែភរិយានាយករដ្ឋមន្ត្រីទាំងពីរ ជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលប្តីជួបទុក្ខលំបាក ភរិយាត្រូវទទួលអំរែកទាំងអស់ក្នុងគ្រួសារ។

ការលើកឡើងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើជាអធិបតីពិធីចុះហត្ថលេខារវាងកម្ពុជា-ម៉ាឡេស៊ី និងធ្វើសន្និសីទរួមបង្ហាញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំ និងឯកឧត្តម អាន់វ៉ា និងលោកជំទាវ មិនមែនទើបតែស្គាល់គ្នា នៅត្រឹមថ្ងៃនេះទេ អនុស្សាវរីយ៍ដែលគួរឲ្យចងចាំបំផុត គឺការរៀបចំនូវបាយមួយពេល ​នៅឯទីក្រុងកូឡាឡាំពួរ ក្នុងឆ្នាំ១៩៩៦ ។ រយៈពេល២៧ឆ្នាំក្រោយ យើងបានជួបគ្នាឡើងវិញ នៅទីក្រុងភ្នំពេញ ដែលខ្ញុំសុំយកឱកាសនេះ អបអរសាទរ សាជាថ្មីម្តងទៀត ជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ហើយតាមរយៈឯកឧត្តមនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យភរិយាខ្ញុំ ផ្តាំផ្ញើសួរសុខទុក្ខចំពោះភរិយាឯកឧត្តម ដែលឯកឧត្តមមានភរិយាដ៏គួរឲ្យគោរព ហើយភរិយារបស់ឯកឧត្តម និងភរិយារបស់ខ្ញុំមាន ជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលដែលប្តីកំពុងជួបការលំបាកភរិយាត្រូវទទួលនូវអំរែកទាំងឡាយ ខ្ញុំជាមួយនឹងភរិយារបស់ខ្ញុំបែកគ្នារហូតដល់កូនហៅពូ រឿងនេះជាអនុស្សាវរីយ៍ ដែលគួរឲ្យចងចាំហើយជាមិត្តភាពសម្រាប់យើង»

លោក អាន់វ៉ា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ក៏បានថ្លែងពីទំនាក់ទំនងជាមិត្តភក្តិ ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលមានរយៈពេល២៧ឆ្នាំមកហើយ ដោយលោកអះអាងថា រូបលោក និងសម្តេចតេជោ ហ៊ុន សែន មានបទពិសោធន៍ និងជោគវាសនាស្រដៀងគ្នា។ ជាពិសេសនៅពេលជួបការលំបាកទាំងរូបលោក និងសម្តេចតេជោ ហ៊ុន សែន មានឥរិយាបទរឹងប៉ឹង ហើយសុទ្ធតែមានភរិយា ជាសរសេរទ្រូងគ្រួសារដូចគ្នា។

លោកបន្តថា «ខ្ញុំមានអារម្មណ៍រំភើប ពេលដែលខ្ញុំត្រូវបានជាប់ឃុំឃាំង ហើយសម្តេចបានផ្តាំផ្ញើការសាកសួរសុខទុក្ខ តាមរយៈភរិយាខ្ញុំ នេះជាអ្វីដែលផ្តល់តម្លៃសារសំខាន់សម្រាប់មិត្តភាពរបស់យើង»

សូមជម្រាបថា ក្នុងសម័យខ្មេែរក្រហម ដើម្បីបុព្វហេតុជាតិមាតុភូមិ សម្តេចតេជោត្រូវចាកចេញឆ្ងាយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានស្លាប់កូនទី១ ហើយកំពុងមានផ្ទៃពោះ៥ខែ កូនទី២។ ចំណែកឯលោក អាន់វ៉ា ក្នុងឆ្នាំ១៩៩៩ លោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំពីបទពុករលួយ៕

</p