(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ធ្វើសន្និសីទសារព័ត៌មានរួម បង្ហាញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងវិស័យថាមពល ខ្ញុំបានស្នើដល់ឯកឧត្តមនាយករដ្ឋមន្ត្រីផ្តល់ការគាំទ្រ ដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ក៏បានឆ្លើយតបបញ្ជាក់ថា នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានលើកបញ្ហានេះជាមួយឯកឧត្តមផងដែរ»។
សម្តេចតេជោ បានបន្ថែមថា នេះជាវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អមួយ នៅក្នុងចំណោមប្រទេសយើង។
សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី Keppel Energy Pte Ltd (KE) ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី។ ការចុះហត្ថលេខារវាងក្រុមហ៊ុនធំៗ នៃប្រទេសទាំងពីរ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power បានថ្លែងថា កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសិង្ហបុរី។
ជាមួយគ្នានេះ លោកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតង យ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពល សម្រាប់សិង្ហបុរី និងតំបន់ផងដែរ៕
</p