(ព្រះវិហារ)៖ លោក ស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។
ការថ្លែងរបស់លោកស្រីអភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកស្រីតំណាងលោក គីម រិទ្ធី អភិបាលខេត្ត អញ្ជើញចូលរួមបើកសន្និបាតបូកសរុបការងារសុខាភិបាលខេត្តព្រះវិហារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ខូយ ឃុនហរ សមាជិកក្រុមប្រឹក្សាខេត្ត លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក ប្រធានមន្ទីរពេទ្យ មណ្ឌុលសុខភាព ប៉ុស្តិ៍សុខភាព អង្គការពាក់ព័ន្ធជាច្រើនទៀត។
លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា សន្និបាតដែលរៀបចំនៅពេលនេះ ក៏ដូចជាឆ្នាំកន្លងមក មានសារៈសំខាន់ណាស់ព្រោះជាឱកាសឱ្យយើងទាំងអស់គ្នា បានពិនិត្យមើលពីសមិទ្ធិផលដែលសម្រេចបានរួមគ្នា ដើម្បីឱ្យយើងដឹងថា បទពិសោធន៍ល្អៗអ្វីខ្លះដែលធ្វើឱ្យយើងសម្រេចបានជោគជ័យ និងកត្តាប្រឈមអ្វីខ្លះទៀត ដែលធ្វើឱ្យយើងត្រូវយកចិត្តទុកដាក់ដោះស្រាយការលំបាក ដើម្បីឈានទៅសម្រេចជោគជ័យបន្ថែមទៀត។
លោកស្រីអភិបាលរងខេត្តព្រះវិហារបានថ្លែងបញ្ជាក់ទៀតថា៖ការពង្រឹងគុណភាពសេវាសុខាភិបាលសាធារណៈ ឱ្យកាន់តែមានទំនុកចិត្តពីប្រជាជន ជាយុទ្ធសាស្ត្រមួយដែលក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារ បាននិងជំរុញ និងយកចិត្តទុកដាក់ដើម្បីឱ្យប្រជាពលរដ្ឋចូលមកប្រើប្រាស់សេវាសាធារណៈកាន់តែច្រើនឡើង ដើម្បីចៀសវាងការប្រើប្រាស់សេវាដែលគ្មានគុណភាព សុវត្ថិភាព អាចបង្ករឱ្យគ្រោះថ្នាក់ បាត់បង់ថវិកាអត់ប្រយោជន៍។
ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា រចនាសម្ព័ន្ធរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហាររួមមាន៖មន្ទីរពេទ្យបង្អែកខេត្តចំនួន១កន្លែង ស្រុកប្រតិបត្តិចំនួន១កន្លែង មន្ទីរពេទ្យបង្អែកស្រុកចំនួន១កន្លែង មណ្ឌលសុខភាពចំនួន៣០កន្លែង និងប៉ុស្តិ៍សុខភាពចំនួន១៦កន្លែង។
លោកថា វត្តមានចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្នុងពិធីបើកសន្និបាតនាពេលនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ដ៍ជ្រាលជ្រៅបំផុតរបស់រដ្ឋបាលខេត្ត ពិសេសលោកអភិបាលខេត្តព្រះវិហារ ចំពោះសុខភាពនិងសុខមាលភាព ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងខេត្ត។
លោកប្រធានមន្ទីរបានថ្លែងបន្តទៀតថា ស្ថិតលើមាគ៌ាវឌ្ឍនភាពតាមរយៈកំណើននៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះករណីពិនិត្យជំងឺក្រៅមានចំនួនសរុប១៨០៦៩៦ករណី និងសម្រាកព្យាបាលដោយមិន រាប់បញ្ចូល អ្នកជំងឺរបេង សរុប២១៣៥៥ករណី បើប្រៀបធៀបនិងឆ្នាំ២០២១មានចំនួន១៦៩២៣ករណី មានការកើនឡើងជាងឆ្នាំ២០២១ចំនួន៤៤៣២ករណី ដែលក្នុងនោះមានករណីវះកាត់ធំចំនួន៧៨៥ករណី ប្រៀបធៀបឆ្នាំ២០២១មានតែ៧២៥ករណី មានការកើនឡើងជាងឆ្នាំ២០២១ចំនួន៦០ករណី និងគ្មានករណីស្លាប់៕