(កណ្តាល)៖ សមិទ្ធផលជាច្រើន បាននិងកំពុងកសាងជាបន្តបន្ទាប់ និងខ្លះទៀតបានសម្ពោធ ឆ្លងរួចរាល់ជាច្រើនមកហើយដែរ ដូចក្នុងថ្ងៃនេះដែរ ក្នុងភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល មានរៀបចំពិធីសម្ពោធ ឆ្លងសាលាបុណ្យថ្មី១ខ្នងទៀត ត្រូវបានប្រសិទ្ធនាថា សាលាបុណ្យវឌ្ឍនធម៌ឃ្លាំងមឿងត្បូង។
នេះជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ដាក់ឲ្យប្រើប្រាស់ ជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីលោកបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋានឃុំព្រែកអំពិល និងឃុំព្រែកលួង រួមនិង ព្រះមន្ត្រីសង្ឃ គណៈកម្មាធិការស្រុក-ភូមិ ប្រជាពលរដ្ឋ តាជី យាយជី យុវជនស្មគ្រចិត្ត ប្រមាណជាង៣០០នាក់។
បើតាមរបាយការណ៏របស់ លោក កែវ ច័ន្ទរ៉ា មេឃុំព្រែកអំពិល បានឲ្យដឹងថា សាលាឆទានភូមិឃ្លាំងមឿងត្បូង បានបង្កើតឡើង កាលពីឆ្នាំ១៩៩៥ ដោយសមាគម មរណសង្រ្គោះ សាងសង់អំពីឈើប្រក់ក្បឿង ដែលស្ថិតនៅខាងលិចផ្លូវជាតិ៣៨០ ក្រោយមកឆ្នាំ២០១២ បានប្តូរទីតាំង សាលាឆទាន មកខាងកើតផ្លូវជាតិ ៣៨០វិញ ដែលមានទំហំ ៥ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ សាងសង់អំពីឈើប្រកក្បឿង និងរៀបឥដ្ឋខាងក្រោម សម្រាប់ដាក់សម្ភារសមាគម មកដល់ឆ្នាំ២០២២ សាលាឆទាននេះ មានសភាពចាស់ទ្រុឌទ្រោម ទើបអាជ្ញាធរឃុំ-ភូមិ ព្រះចៅអធិការវត្តព្រហ្មចារីយិ៍ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះភូមិឃ្លាំងមឿងត្បូង បានសម្រេចរុះរើ សាលាឆទានចាស់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានកសាងសាលាបុណ្យថ្មី រួចរាល់ជាស្ថាពរ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយមានការជួយឧបត្ថម្ភពី លោកបណ្ឌិត កែវ បេងវឌ្ឍន៍ រួមនិងសហការី សរុបអស់ថវិកាចំនួន ២៦.០០០ដុល្លារ។
នាឱកាសនោះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បានសម្តែងនូវអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជាថវិកា ដើម្បីរួមចំណែកកសាងនូវសាលាបុណ្យថ្មី១ខ្នងនេះឡើង សម្រាប់គោរពប្រតិបត្តិលើផ្នែកជំនឿសាសន៏។ បើគិតទាំងសាលាបុណ្យថ្មី១ខ្នងនេះ នៅក្នុងឃុំព្រែកអំពិល មានទីកន្លែងសម្រាប់រៀបចំពិធីបុណ្យតាមព្រះពុទ្ធសាសនា ចំនួន៥ហើយ គឺវត្តចំនួន៣ និងសាលាបុណ្យចំនួន២ ដែលរួមមាន៖ វត្តឃ្លាំងមឿងជើង, វត្តព្រែកក្របៅ, វត្តព្រែកអំពិល, សាលាបុណ្យទួលអណ្តូង និងសាលាបុណ្យវឌ្ឃនធម៌ឃ្លាំងមឿងត្បូង។
លោកបណ្ឌិត បន្តទៀតថា សាលាបុណ្យថ្មី១ខ្នងនេះបង្កប់ឈ្មោះ ឃ្លាំងមឿងត្បូង តែមិនមែនន័យថា សាលាបុណ្យនេះ សម្រាប់តែលោកតា លោកយាយ នៅក្នុងភូមិឃ្លាំងមឿងត្បូង ប្រើប្រាស់នោះទេ វាគ្រាន់តែជាឈ្មោះ សម្រាប់សម្គាល់ទីតាំងតែប៉ុណ្ណោះ ដោយឡែកការប្រើប្រាស់ គឺសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រែកអំពិលទាំងមូលតែម្តង។ ដោយមានការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល បានចាប់ផ្តើមចុះមកកាន់ឃុំព្រែកអំពិលនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ បើគិតរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ឆ្នាំហើយដែរ។
ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ក្រុមការងារបានចូលរួមចំណែកក្នុងអភិវឌ្ឍន៍ភូមិ-ឃុំ ឲ្យកាន់តែប្រសើរឡើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាផ្លូវថ្នល់ លូរំដោះទឹក និងការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ តាមរយៈ នៃការឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភាគផ្សេងៗ។ល។ ជាងនេះទៅទៀត លោកបណ្ឌិត ប្តេជ្ញា នឹងបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ភូមិ-ឃុំ បន្តទៀត ជាពិសេស គឺការកសាងហេដ្ឋារចនា សម្ព័ន្ធនៅក្នុងឃុំទាំងមូល។ ឃុំព្រែកអំពិល ជាឃុំមួយ មានលក្ខណៈពិសេសជាងគេ បើប្រៀបធៀបពីចំនួន ប្រជាពលរដ្ឋក្នុងឃុំ ទៅនឹងចំនួនវត្ត និងសាលាបុណ្យ គឺឃើញថា មានកន្លែងសម្រាប់ធ្វើបុណ្យជាច្រើនកន្លែង ឬនិយាយតាមមួយបែបថា យើងបានយកផ្លូវ ថ្នល់ ទឹក ភ្លើង និងវត្ត ស្ទើរតែដល់កាំជណ្តើរផ្ទះតែម្តង។ លោកបណ្ឌិត ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសមិទ្ធផលថ្មី១នេះ ទុកជាសម្បត្តិរួម ជាទីស័ក្តិសម និងជាទីកន្លែងជាទីគោរពសក្ការៈ។
ក្នុងឱកាសនោះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារចុះមូលដ្ឋានឃុំព្រែកអំពិល និងឃុំព្រែកលួង បានឧបត្ថម្ភដល់យាយជី តាជី ២០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកា ២០០,០០០រៀល ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ លោកគ្រូ អ្នកគ្រូ យុវជនស្មគ្រចិត្ត ២៨៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២០,០០០រៀល និងបានឧបត្ថម្ភ ថវិកា១លានរៀល សម្រាប់ចាត់ចែក ក្នុងសាលាបុណ្យវឌ្ឍន៏ ធម៌ឃ្លាំងមឿងត្បូងនេះផងដែរ៕