(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា មន្ត្រីត្រួតពិនិត្យ មន្ត្រីចុះសម្ភាសន៍កត់ត្រាទិន្នន័យ មានសារៈប្រយោជន៍ នៃទិន្នន័យស្ថិតិ ព្រមទាំងព័ត៌មានអំពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសជាតិ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរផែនការខេត្ត ខណៈពេលចូលរួមជាអធិបតីជាមួយ លោក រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ មន្ត្រីចុះសម្ភាសន៍កត់ត្រាទិន្នន័យ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់នូវអនុសាសន៍អំពីតួនាទី និងសារៈប្រយោជន៍ នៃទិន្នន័យស្ថិតិព្រមទាំង ពត៌មានអំពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច របស់ប្រទេស និងឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ ដែលយើងជួបប្រទះនៅក្នុងដំណើរការអភិវឌ្ឍ។
លោក អ៊ុន ចាន់ដា បានសុំឲ្យ លោក លោកស្រី ជាសិក្ខាកាម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សូមយកចិត្តទុកដាក់ផងដែរលើចំណុចគន្លឹះដែលមានចែងនៅក្នុងច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជាមើលឃើញថាជាបញ្ហសំខាន់ ហើយជាអាទិភាពខ្ពស់សម្រាប់ការស្វែងរក និងការទទួលបាន ថវិកាពីដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការងារជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ និយាយដោយឡែកការងារជំរឿន កសិកម្មនៅខេត្តកំពង់ចាម សូមលោក លោកស្រី ដែលជា សមាជិកគណៈកម្មាធិការជំរឿនកសិកម្មខេត្ត ជាពិសេសលោកប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឲ្យការងារជំរឿនកសិកម្ម ដែលប្រើប្រាស់ថវិកាជាតិ ស្ទើរតែទាំងស្រុងនេះ ទទួលបានលទ្ធផលល្អ និងប្រកបដោយគុណភាពខ្ពស់៕