(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានបើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួង តំណាងរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។
វេទិកានេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងជម្រាបជូនដល់សាធារណៈជន ដៃគូអភិវឌ្ឍន៍ (World Bank (WB), Asian Development Bank (ADB), International Monetary Fund (IMF), French Development Agency (AFD), Japan International Cooperation Agency (JICA) និងភាគីពាក់ព័ន្ធ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ)។
លោក ប៊ុន ហ៊ាន បានឲ្យដឹងថា ក្រសួងបានរៀបចំវេទិកាសាធារណៈ ក្នុងត្រីមាសទី១ នៃឆ្នាំអនុវត្តថវិកាឆ្នាំ២០២៣នេះ ដើម្បីផ្សព្វផ្សាយថវិកាប្រចាំឆ្នាំរបស់ខ្លួន ជូនសាធារណៈជន អ្នកសិក្សាស្រាវជ្រាវ, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ឲ្យបានយល់ដឹងអំពីអាទិភាពគោលនយោបាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម។
លើសពីនោះទៀត ទំហំថវិកាដែលត្រូវបានផ្តល់សម្រាប់កម្មវិធីនីមួយៗ និងសកម្មភាពអាទិភាពរបស់ ក្រសួងធនធានទឹក និងឧតុនិយម ដែលត្រូវអនុវត្ត ដើម្បីសម្រេចលទ្ធផល ដែលរំពឹងទុក ព្រមទាំងគោលបំណងគោលនយោបាយរបស់ក្រសួង ក៏ដូចជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកបានឲ្យដឹងទៀតថា កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងត្រូវបានអភិវឌ្ឍន៍ និងដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងក៏បានអនុវត្ត កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ដែលមានរចនាសម្ព័ន្ធកម្មវិធី ក្នុងឆ្នាំ២០២៣នេះ មានកម្មវិធីចំនួន៥ អនុកម្មវិធី ចំនួន២៥ និងចង្កោមសកម្មភាព ចំនួន១៤៦ ដើម្បីសម្រេចគោលបំណង គោលនយោបាយ «ការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានទឹក ប្រកបដោយប្រសិទ្ធភាពខ្ពស់ សមធម៌ និងនិរន្តរភាព»។
លោក ប៊ុន ហ៊ាន បានគូសបញ្ជាក់ថា ពិតណាស់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាននឹងកំពុងធ្វើឲ្យការគ្រប់គ្រងចំណូល និងចំណាយកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែង ត្រូវបានឆ្លុះបញ្ចាំងពី ភាពជឿទុកចិត្តលើថវិកា ពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ និងឈានមកដល់ដំណាក់កាលទី៣ គឺ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។
បន្ថែមពីនោះទៀត លោក ប៊ុន ហ៊ាន បានឲ្យដឹងផងដែរថា កម្មវិធីផ្សព្វផ្សាយនាពេលនេះ នឹងជួយចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ចូលរួមឲ្យសម្រេចគោលដៅ កាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងលើកស្ទួយសកម្មភាព បញ្រ្ជាបយេនឌ័រផងដែរ។
បើតាមលោក ប៊ុន ហ៊ាន, ថវិកាឆ្នាំ២០២៣ យកទៅអនុវត្តតាមកម្មវិធី ទាំង៥របស់ក្រសួង ដើម្បីសម្រេចលទ្ធផល ដែលបានរំពឹងទុក និងបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដូចខាងក្រោម៖
១៖ ធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ដើម្បីបង្កើនចំណូលនិងការងារ ជូនប្រជាកសិករតាមជនបទ។
២៖ រក្សានិរន្តរភាព និងបង្កើនការការពារផ្ទៃដីកសិកម្មដំណាំគ្រប់ប្រភេទ (រក្សាបានបរិមាណផល ទិន្នផលស្រូវ) ការពារទ្រព្យសម្បតិ្តសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ជាតិ។
៣៖ ធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងអភិរក្សអាងទន្លេបឹងបួរធម្មជាតិ។
៤៖ ព្យាករណ៍ និងផ្សព្វផ្សាយព័ត៌មានឲ្យបានទាន់ពេលវេលា កាន់តែមានសុក្រឹត្យភាព នូវស្ថានភាពជលសាស្រ្ត ស្ថានភាពឧតុនិយម និងទិន្នន័យប្រព័ន្ធធារាសាស្រ្តឲ្យមានលក្ខណៈត្រឹមត្រូវច្បាស់លាស់។
៥៖ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័នឲ្យបានល្អប្រសើរ៕