(ភ្នំពេញ)៖ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អ.ម.ធ)/អាជ្ញាធរមីន (CMAA) រួមជាមួយក្រសួងសុខាភិបាលកម្ពុជា និងសេវាសុខាភិបាលសិង្ហបុរី (SingHealth) កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំនួន៥ថ្ងៃ ស្តីអំពីការគាំទ្រចិត្តសង្គម ចាប់ពីថ្ងៃទី២៧-៣១ ខែមីនា ឆ្នាំ២០២៣។

វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយនៅក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលកំពុងអនុវត្តដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) តាមរយៈគម្រោងដែលមានរយៈពេលបីឆ្នាំស្តីអំពី «ការលើកកម្ពស់កម្មវិធី នៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន» ឬត្រូវបានគេស្គាល់ថាជាគម្រោង «កិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម» ដែលបានទទួលជំនួយថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ (AKCF)។

គម្រោងនេះត្រូវបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីពង្រឹងជំនួយគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅក្នុងតំបន់អាស៊ាន តាមរយៈការសម្រេចបាននូវគោលបំណងទាំងប្រាំរបស់គម្រោងដូចខាងក្រោម៖

*គោលបំណងទី១៖ ជំរុញការបង្កើតបណ្ដាញ នៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ជាវេទិកាថា្នក់តំបន់ សម្រាប់ភាគីពាក់ព័ន្ធផ្សេងៗក្នុងតំបន់អាស៊ាន
*គោលបំណងទី២៖ គាំទ្រដល់បណ្ដារដ្ឋសមាជិកអាស៊ាន ក្នុងការចែករំលែកចំណេះដឹងអំពីជំនួយគាំទ្រដល់ជនរងគ្រោះ ការប៉ាន់ប្រមាណតម្រូវការ និងធនធាន ក៏ដូចជាលទ្ធភាពនៃការកៀរគរធនធាន
*គោលបំណងទី៣៖ ប៉ាន់ប្រមាណតម្រូវការរបស់ជនរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងបណ្ដារដ្ឋសមាជិកអាស៊ានដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីផ្តល់ជំនួយគាំទ្របន្ថែមទៀត
*គោលបំណងទី៤៖ គាំទ្រដល់បណ្ដារដ្ឋសមាជិកអាស៊ាន ក្នុងការផ្ដល់ការគាំទ្រចិត្តសង្គមដល់ជនរងគ្រោះដោយគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម
*គោលបំណងទី៥៖ រៀបចំការសិក្សាស្រាវជ្រាវអំពី «សេវានានានៃកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រកបដោយបរិយាបន្ននៅកម្ពុជា» ក៏ដូចជាទស្សនៈរបស់សហគមន៍ចំពោះ សកម្មភាពមីនមនុស្សធម៌ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងកសាងសមត្ថភាពទៅលើជំនាញគាំទ្រចិត្តសង្គមដល់បុគ្គលិកថែទាំសុខភាព និងបណ្ដាញគាំទ្រដល់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលជាក្រុមគោលដៅត្រូវបានកំណត់សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ។ ហេតុដូច្នេះ ពួកគាត់អាចបន្តផ្ដល់ការគាំទ្រចិត្តសង្គមទៅដល់ជនរងគ្រោះដែលកំពុងរស់នៅក្នុងតំបន់/សហគមន៍ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម។

នៅឆ្នាំ២០២២ គម្រោងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន បានសហការជាមួយភាគីពាក់ព័ន្ធដូចដែលបានបញ្ជាក់ជូនខាងលើ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពីការគាំទ្រចិត្តសង្គមនេះដោយជោគជ័យចំនួន ២វគ្គរួចមកហើយនៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលលើកទី១ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញដែលមានសិក្ខាកាមចូលរួមចំនួន៧៩នាក់ ដែលជានិស្សិតផ្នែកវេជ្ជសាស្រ្ដ និងនិស្សិតផ្នែកជើងសិប្បនិម្មិត និងគ្រឿងរណប។ ចំណែកឯវគ្គបណ្ដុះបណ្ដាលលើកទីពីរ ត្រូវបានរៀបចំឡើងដោយផ្ទាល់នៅខេត្តសៀមរាប ដល់បុគ្គលិកសហគមន៍ និងបណ្ដាញគាំទ្រដល់ជនរងគ្រោះដែលរស់រានមានជីវិតពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន៧៨ នាក់ នៅក្នុងប្រទេសកម្ពុជា។

វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលកំពុងបណ្ដុះបណ្ដាលជូនដល់គិលានុបដ្ឋាកយិកា និងវេជ្ជបណ្ឌិតចំនួន ៥០នាក់ ដែលអញ្ជើញមកពីស្ថាប័នសុខាភិបាលចំនួន៤១ ស្ថាប័ន របស់កម្ពុជា។ សិក្ខាកាមទាំងអស់នឹងទទួលបានជំនាញគាំទ្រចិត្តសង្គមដ៏មានសារៈសំខាន់ និងមានតម្លៃដូចជា៖*ផលប៉ះពាល់ចិត្តសង្គមដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម និងជំងឺធ្លាក់ទឹកចិត្ត
*ការប៉ាន់ប្រមាណវាយតម្លៃហានិភ័យនៃការធ្វើអត្តឃាត ជំងឺរថប់បារម្ភ និងការប្រាស្រ័យទាក់ទងដោយការព្យាបាល
*ការប៉ះទង្គិចផ្នែកផ្លូវចិត្ត និងជំងឺបាក់ស្បាត និងជំនួយបឋមផ្នែកផ្លូវចិត្ត
*ការញៀន៖ បញ្ហាញៀនដោយការប្រើប្រាស់សារធាតុស្រវឹង និងថ្នាំក៏ដូចជាបច្ចេកទេសបង្វែរការផ្តោតអារម្មណ៍ជាមូលដ្ឋាន
*ការថែទាំខ្លួនឯង
ជំនាញទាំងនេះជួយដល់សិក្ខាកាមទាំងអស់ឱ្យយល់ដឹងអំពីស្ថានភាពអ្នកជំងឺ/ជនរងគ្រោះ ព្រមទាំងដឹងថាតើ អ្នកជំងឺត្រូវការការព្យាបាលផ្លូវចិត្ត ឬព្យាបាលដោយពេទ្យចិត្តវិកលជាបន្ត។ ការដឹងអំពីស្ថានភាពបានរហ័សគឺជួយកែសម្រួលដល់ការព្យាករណ៍ទុកជាមុនពីការវិវត្តជំងឺឱ្យកាន់តែប្រសើរឡើង និងធានាបាននូវការថែទាំគ្រប់ជ្រុងជ្រោយ។

លោក ព្រហ្ម សួនប្រសិទ្ធិ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានថ្លែងថា «នេះគឺជាឳកាសដ៏ល្អមួយសម្រាប់ ARMAC ដែលបានក្លាយជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ ព្រោះការងាររបស់ ARMAC បានចូលរួមចំណែកយ៉ាងច្រើនក្នុងការផ្ដល់ការគាំទ្រដល់ជនរងគ្រោះ និងជនមានពិការភាពនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ជាពិសេសក្នុងបណ្តារដ្ឋសមាជិកក្នុងតំបន់មេគង្គដែលទទួលរងផលប៉ះពាល់ដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាម។ បច្ចុប្បន្ននេះវគ្គបណ្តុះបណ្តាលគាំទ្រចិត្តសង្គមនេះ បាននិងកំពុងដំណើរការបានពាក់កណ្តាលហើយ ហើយវគ្គបណ្តុះបណ្តាលចំនួនបីវគ្គទៀតនឹងត្រូវបានរៀបចំដោយ ARMAC និងភាគីពាក់ព័ន្ធជូនដល់ក្រុមវេជ្ជបណ្ឌិត និងគ្រូបង្គោល»

មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ត្រូវបានបង្កើតឡើងដោយយោងទៅលើសេក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបង្កើតឡើងនូវមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលត្រូវបានអនុម័តនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានដាក់អោយដំណើរការក្នុងឆ្នាំ២០១៦។ ARMAC មានអណត្តិ និងមុខងារ ក្នុងនាមជាមជ្ឈមណ្ឌលឧត្ដមភាព ដើម្បីជំរុញ និងលើកទឹកចិត្តរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់បណ្ដារដ្ឋសមាជិកអាស៊ានដែលចាប់អារម្មណ៍ក្នុងការចូលរួមដោះស្រាយបញ្ហាទាំងនេះ។ សូមចូលទៅកាន់គេហទំព័ររបស់ ARMAC តាមរយៈ https://aseanmineaction.org/ សម្រាប់ព័ត៌មានលម្អិតបន្ថែម។

ការអនុវត្តការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន តាមរយៈគម្រោងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម (ARMAC-VA) មិនត្រឹមតែចូលរួមចំណែកដល់ការងារមនុស្សធម៌ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយការធ្វើសមាហរណកម្មជនរងគ្រោះទាំងនោះទៅក្នុងសហគមន៍របស់គាត់វិញ តែប៉ុណ្ណោះនោះទេ ប៉ុន្តែគម្រោងនេះបានចូលរួមចំណែកគាំទ្រដល់តួនាទីរបស់ ARMAC ដើម្បីធានាសហគមន៍អាស៊ានកសាងសន្តិភាព ស្ថេរភាពនៅក្នុងតំបន់ដូចដែលបានចែងក្នុង ផែនការសន្តិសុខ-នយោបាយ សហគមន៍អាស៊ានឆ្នាំ២០២៥។

លើសពីនេះទៅទៀត គម្រោងនេះ ក៏បោះជំហ៊ានស្របគ្នាទៅនឹងគោលបំណងរបស់សាធារណរដ្ឋកូរ៉េ (ROK) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសាធារណរដ្ឋកូរ៉េ និងអាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ាន ដែលបានដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់អាស៊ាន-សាធារណរដ្ឋកូរ៉េស្ដីអំពី «សេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមដើម្បីសន្តិភាព វិបុលភាព និងភាពជាដៃគូ (២០២១-២០២៥)»

ការផ្តល់ជំនួយគាំទ្រទៅដល់ ជនរងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមរវាង ARMAC សាធារណរដ្ឋកូរ៉េ និងអាស៊ាន សំដៅឆ្ពោះទៅកាន់កិច្ចខិតខំប្រឹងប្រែងនៃការងារមនុស្សធម៌ថ្នាក់តំបន់ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម៕