(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញមកច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី និងអះអាងថាការចុះផ្សាយព័ត៌មាន គ្មានភាពច្បាស់លាស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា «កសិករនៅខេត្តកណ្តាល អស់សង្ឃឹម ក្នុងការដាំដុះក្រោយភ្ជួរបន្លែចោល ដោយសារគ្មានទីផ្សារ»។
ពាក់ព័ន្ធនឹងការចុះផ្សាយនេះ អគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា «ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានភាពច្បាស់លាស់ ឲ្យអគ្គនាយកដ្ឋានកសិកម្ម អាចពិនិត្យដោះស្រាយបញ្ហា ដូចដែលបានលើកឡើងនេះឡើយ»។
ជាក់ស្ដែងការលើកឡើងថា លោក សំ សុគីន បានភ្ជួរបន្លែសាលាដចោលចំនួន៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវ មិនបានរកឃើញថា ឈ្មោះ លោក សំ សុគីន បានឈូសសាលាដចោលទេ តែលេចចេញកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផល និងដាំចម្រុះជាមួយដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ។
ម្យ៉ាងទៀត ការចុះផ្សាយព័ត៌មានថា តម្លៃត្រសក់ចុះថោក និងដាក់រូបភាពបុរសដេកលើត្រសក់ គឺជារូបភាពចាស់ ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ នៅពេលប្រទេសកម្ពុជាយើង ក៏ដូចជាពិភពលោកបានទទួលរងវិបត្តិជំងឺកូវីដ១៩។ ជារួម រាល់ការលើកឡើងរបស់វិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករ ដែលកំពុងដាំដុះដំណាំបន្លែ នៅខេត្តកណ្តាលនោះទេ។ ការលើកឡើងដោយអ្នកកាសែត ក្រោមឈ្មោះក្លែងក្លាយថា ជាតិ ចំណាន អាចជាចេតនាបំភ្លៃការពិត ដោយប្រើប្រាស់រូបភាពសកម្មភាពចាស់ឆ្នាំ២០១៩ និងលើកឡើងអំពីការភ្ជួរចោលបន្លែចាស់ៗ ដើម្បីធ្វើការដាំដុះឡើងវិញ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានកសិកម្ម៖