(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានឯកសារចំនួន២ ត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោយជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកសារទាំងពីរនោះ រួមមាន៖ ទី១៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករការងារផ្ទះ និងទី២៖ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។
លោក អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ដើម្បីបំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អំឡុងបំពេញទស្សនកិច្ចនេះ លោកនឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ហើយនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕