(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះហទ័យយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រកាសអំពីពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១២ ដោយមានការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយ ក្រោមចំណងជើងថា «ទេពហត្ថា»។ ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពនិងសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាព្រឹត្តិការណ៍ភាពយន្តដ៏ធំនិងល្បីជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅអាស៉ីអាគ្នេយ៍ ដែលបង្ហាញខ្សែភាពយន្តយ៉ាងច្រើន ហើយទទួលស្វាគមន៍សមិទ្ធិករភាពយន្ត និងភ្ញៀវកិត្តិយសមកពីទូទាំងពិភពលោក។ មហោស្រពនេះ មានគោលបំណងបំផុសវប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា លើកស្ទួយគំនិតថ្មីៗនៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិ នៅកម្ពុជា និងស្ដីអំពីកម្ពុជា។ ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានមោទកភាពរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗ ទម្រាំដល់ការបើកមហោស្រពធំ នៅក្នុងខែឧសភាខាងមុខ។
កម្មវិធីនេះ រួមបញ្ចូលទាំងព្រឹត្តិការណ៍ពិសេសប្រចាំថ្ងៃដែលបង្ហាញពីប្រធានបទមួយចំនួន ដែលនឹងត្រូវបានបង្កើតឡើងក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នាពេលខាងមុខ។ ភាពយន្តល្បីៗរួមមានរឿងកំប្លែងអាហ្វ្រិក ភាពយន្តសំខាន់ៗក្នុងប្រវត្តិសាស្ត្រភាពយន្តរបស់កម្ពុជាដូចជារឿង «នាងព្រាយសក់ពស់» ដឹកនាំដោយលោក ហ៊ុយ គឹង និងសម្ដែងដោយតារាល្បីលោកស្រី ឌី សាវ៉េត និងភាពយន្តដែលផលិតទាក់ទងនឹងសម័យឯករាជ្យរបស់កម្ពុជា រួមមានការពិភាក្សារបស់លោក ប៉ាន់ រិទ្ធី ស្តីពីប្រវត្តិសាស្ត្រកម្ពុជា បារាំង តាមរយៈសៀវភៅ «The Empire of Mid-South» របស់លោក ហ្សាក់ ពើររ៉ាំង (Jacques Perrin) និងភាពយន្តឯកសាររបស់គាត់ «France is our Mother Country»។
កម្មវិធីនេះ បានធ្វើគារវកិច្ចចំពោះរបាំខ្មែរ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងភាពយន្ត «ទេពហត្ថា» (The Perfect Motion) របស់លោក ហ្សាវីយ៉េ ដឺ ឡូហ្សាន(Xavier de Lauzanne) និងភាពយន្ត «ព្រះនាងបុប្ផាទេវី រាជអប្សរាទី១» (Buppha Devi - The First Royal Apsara) របស់លោក គ្រីស្តូហ្វ ហ្កាគ្យូឡូ(Christophe Gargiulo) ។ លើសពីនេះ កម្មវិធីនេះបានបង្ហាញជូនអំពីភូមិភាពយន្តថ្មីបំផុត គឺកិច្ចពិភាក្សាជាមួយអ្នកវិជ្ជាជីវៈភាពយន្ត (Pro Talks)។ កម្មវិធី «ពន្លក» (CIFF “SPROUTS”) បង្ហាញពីកម្មវិធី«សាលាសម្តែង» (The acting academy) ក៏ដូចជាកិច្ចពិភាក្សាជាមួយអ្នកមានឥទ្ធិពល នៅក្នុងវិស័យផលិតភាពយន្តនៅកម្ពុជា។
«យើងខ្ញុំ ពិតជាមានកិត្តិយសណាស់ចំពោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសមោសរនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២។ វត្តមានដ៏ខ្ពង់ខ្ពស់របស់រាជវង្សានុវង្ស រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ អង្គការនិងប្រតិភូអន្តរជាតិនានា អ្នកមានកេរឈ្មោះនៅក្នុងវិស័យសិល្បៈនិងភាពយន្ត ក្រុមហ៊ុនឯកជន និងដៃគូក្នុងឧស្សាហកម្មភាពយន្តនានា ជាសក្ខីភាពមួយបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ជាវេទិកាដ៏សំខាន់មួយសម្រាប់ការជជែកពិភាក្សាអំពីវប្បធម៌និងសិល្បៈនៅកម្ពុជា និងនៅក្នុងតំបន់»។ នេះជាការបញ្ជាក់ របស់អ្នករៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ សូមតាមដានហ្វេសប៊ុក Cambodia International Film Festival ។
សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា។ ចាប់ផ្ដើមនៅឆ្នាំ២០១០ មហោស្រពនេះដើរតួជាកត្តាលីករមួយសម្រាប់វិស័យភាពយន្ត ដោយប្រមូលផ្ដុំអ្នកចូលរួមជាង៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ CIFF ក៏ដើរតួផងដែរ ជាស្ពានរបស់ប្រទេសកម្ពុជានិងពិភពលោក តាមរយៈការនាំមកបង្ហាញនូវវប្បធម៌ និងភាពយន្តរបស់សាកលលោក។ CIFF ក៏រួមចំណែកលើកស្ទួយដល់ចរាចរណ៍របស់ខ្សែភាពយន្តនៅក្នុងតំបន់ និងផ្សព្វផ្សាយពីផលិតកម្មកម្ពុជាផងដែរ៕