(កំពង់ធំ)៖ ក្រោមគម្រោងដៃគូរួមគ្នាផ្តល់ឱកាសដល់កុមារបាត់បង់ឱកាសក្នុងការសិក្សា កុមារប្រមាណជា ២០០០នាក់ ដែលមិនបានចូលរៀន ឬរៀនសូត្រមិនបានពេញលេញ ទៀងទាត់ អាស្រ័យដោយកត្តាផ្សេងៗដូចជាជីវភាពគ្រួសារក្រីក្រ ជាកុមារកំព្រាអនាថា ឬ ជាកុមារពិការជាដើម នឹងបានទទួលឱកាសរបស់ខ្លួនចូលរៀន និង រៀនបន្តឡើងវិញ។

នៅក្នុងពិធីប្រកាសផ្តល់មូលនិធិ និង ចុះហត្ថលេខាលើឯកសារគម្រោង ជូនដល់សហគមន៍ អង្គការសហគមន៍ និង សាលាបឋមសិក្សា ចំនួនបំា្របួន នៅក្នុងស្រុកស្ទោង និង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីរួមស្រុកស្ទោង សហគមន៍ អង្គការ និងសាលារៀនទាំងនោះ នឹងទទួលបានថវិកាសរុបជាង ៣៧០០០ដុល្លារ ក្នុងនោះរួមបញ្ចូលទាំងថវិកាបដិភាគរបស់អ្នកស្នើសុំផង និងថវិកាឧបត្ថម្ភរបស់ម្ចាស់ជំនួយផង សម្រាប់ការអនុវត្តក្នុងស្ថានភាពជាគម្រោងបឋម ឬ គម្រោងសាកល្បងរយៈពេល ១៧ខែ ដោយចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១៦ នេះទៅ។

ពិធីប្រកាស និងចុះហត្ថលេខាលើឯកសារគម្រោងថវិកានេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតី ដោយអនុប្រធានមន្ទីរអប់រំខេត្តកំពង់ធំ អភិបាលរងស្រុកស្ទោង ប្រធានអង្គការអេដ អេ អាក់ស្យុង (AEA) និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មន្ត្រីឃុំ នាយក នាយលកាសាលា និងលោកគ្រូ អ្នកគ្រូ ប្រមាណជា៨០នាក់។

ថ្លែងនៅក្នុងឱកាសនៃការបើកពិធី លោក ឆូយ កុសល អភិបាលរងស្រុកស្ទោង មិនត្រឹមតែសម្តែងការគាំទ្រ និង សាទរ ចំពោះគម្រោង និងសកម្មភាពជួយដល់កុមារឲ្យបានរៀនសូត្រ ដែលអង្គការ អេដ អេ អាក់ស្យុង និងដៃគូ បាននិងកំពុងតែអនុវត្តនេះទេ តែថែមទាំងស្វែងរកការពង្រីកឲ្យបានទូលំទូលាយដល់បណ្តាឃុំមួយចំនួនថែមទៀត។

លោកអភិបាលរងស្រុក បានបញ្ជាក់ថា «បើបានបន្ថែមដល់ឃុំមួយចំនួនថែមទៀត កាន់តែប្រសើរ ព្រោះថាកុមារជាច្រើន នៅមិនទាន់បានចូលរៀន ឬរៀនបាត់ៗ។ ចំពោះគ្រូវិញ គឺយើងឃើញថាពួកគាត់បានលះបង់ច្រើនណាស់។ ក៏ប៉ុន្តែបញ្ហាគឺនៅត្រង់កុមារតែម្តងដែលជួបការលំបាក ទើបយើងចាំបាច់ត្រូវរកដំណោះស្រាយជួយដល់ពួកគេ»

ក្នុងឱកាសពិធីបើកនេះដែរ ប្រធានអង្គការអេដ អេ អាក់ស្យុង លោក វន សំភាស់ បានថ្លែងថាអង្គការប្តេជ្ញាពង្រឹងពង្រីកប្រតិបត្តិការបែបនេះតទៅទៀតឲ្យអស់ពីលទ្ធភាព។ លោកពន្យល់ថាហេតុនេះហើយទើបគម្រោងដែលផ្តើមឡើងនៅពេលនេះ ជាគម្រោងបឋម ដែលក្រោយមក នឹងអាចពង្រីកទូលំទូលាយថែមទៀត។ យ៉ាងណាក៏ដោយ លោកទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍ផងដែរ ទើបអាចទទួលបានជោគជ័យ។

«យើងពិតជាចង់ និងតាំងចិត្តជួយស្វែងរកការគាំទ្រដល់កុមារ និងរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ ប៉ុន្តែយើងត្រូវការការចូលរួមយ៉ាងសកម្មជាពិសេសនៅថ្នាក់សហគមន៍។ ដូច្នេះហើយបានជាយើងសហការជាមួយដៃគូនានាដែលរួមបា្រស្រ័យផ្ទាល់ជាមួយសហគមន៍ ដូចជាអង្គការយុវតារា ជាដើម»។ លោក វន សំភាស់បញ្ជាក់។

គម្រោងផ្តល់ឱកាសដល់កុមារឲ្យបានចូលរៀន និងរៀនបន្ត ផ្តោតជាពិសេសលើការងារមួយចំនួនរួមមាន៖ ស្រាវជ្រាវកំណត់កុមារគោលដៅតាមគ្រួសារ ឬខ្នងផ្ទះ, អប់រំពន្យល់ណែនាំមាតាបិតា អាណាព្យបាលអំពីសារសំខាន់នៃការបញ្ជូនកូនទៅរៀន, សិក្សាអំពីការប្រឈមរបស់គ្រួសារកុមារ និងដំណោះស្រាយដែលអាចជួយសម្រាលបាន, ផ្តល់អារូបករណ៍ដល់កុមារ, បង្កើត ឬលម្អបន្ថែមបរិយាកាសសាលារៀនទំាងទិដ្ឋភាពកំសាន្ត សប្បាយផង រៀនផង និងទិដ្ឋភាពអនាម័យផង, អប់រំពីសិទ្ធិកុមារ ផលប៉ះពាល់នៃអំពើហឹង្សាលើគ្រួសារ, បង្កើតថ្នាក់ពិសេសសម្រាប់កុមារលើសអាយុ។ល។

លោក អ៉ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំ ខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់អង្គការអេដ អេ អាក់ស្យុង និងអង្គការជាដៃគូ ពិសេសអង្គការយុវតារា ដែលបានជួយដល់ការងារអប់រំនៅខេត្តកំពង់ធំ និងទូទាំងប្រទេស ហើយក៏បានលើកទឹកចិត្តឱ្យមានការចូលរួមគាំទ្រកាន់តែខ្លាំងផងដែរ។

លោកបានថ្លែងបញ្ជាក់ «ការងារអប់រំ មានកត្តា៤ សំខាន់គឺ៖   កត្តាកុមារខ្លួនឯង, កត្តាគ្រួសារ, កត្តាសហគមន៍, និងកត្តាសង្គមជាតិទាំងមូល។» លោកអនុប្រធានមន្ទីរអប់រំបញ្ជាក់បន្ថែមថា«កត្តា២ចុងក្រោយ ត្រូវបានជម្រុញទៅមុខហើយ នៅឡើយតែកត្តា២ដំបូង ពោលគឺកត្តាកុមារ និងគ្រួសារដែលជីវភាពនៅមានការខ្វះខាតខ្លាំងនិងមិនទាន់ឆ្លងផុតការប្រឈម។ ដូច្នេះហើយទើបយើងគាំទ្រការផ្តួចផ្តើមនិងការពិគ្រោះពិភាក្សាគ្នារកដំណោះស្រាយបញ្ហានេះ។ យើងមិនអាចពឹងផ្អែកតែទៅលើអង្គការទេ គឺយើងខ្លួនឯងនៅសហគមន៍ផ្ទាល់ ត្រូវតែចូលរួមទើបរកឬសគល់ដោះស្រាយបញ្ហាបាន»

គម្រោងដៃគូរួមគ្នាផ្តល់ឱកាសដល់កុមារដែលបាត់បង់ឱកាស គឺជាគម្រោងមួយដែលអនុវត្តដោយបណ្តុំអង្គការជាតិ និងអន្តរជាតិចំនួន២២ ដែលធ្វើការងារលើវិស័យអប់រំ និងកុមារ ក្នុងគោលដៅផ្តល់ឱកាសដល់កុមារដែលបាត់បង់ឱកាសសិក្សាចំនួន ៥៧០០០នាក់ ក្នុងឋិរវេលា៣ឆ្នាំ នៅទូទាំងប្រទេសឲ្យបានចូលរៀន ឬរៀនបន្ត។ គម្រោងនេះបានទទួលមូលនិធិឧបត្ថម្ភពីម្ចាស់ក្សត្រីនៃប្រទេសកាតារ តាមរយៈអង្គការ EAC និងអង្គការអេដ អេ អាក់ស្យុង (AEA) នៅកម្ពុជា៕