(ភ្នំពេញ)៖ ថ្នាំញៀនជាង១៣គីឡូក្រាម និងជនសង្ស័យម្នាក់ត្រូវបាន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាននៅ២គោលដៅផ្សេងគ្នា។
មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩៖៣០នាទី ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា៖ គោលដៅទី១ បណ្តោយផ្លូវជាតិលខេ១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ១០៩ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការបង្ក្រាបនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នៅ សុខ ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ ដោយរឹបអូសវត្ថុតាងគ្រឿងញៀន, កេតាមីន (Ketamine) ១កញ្ចប់, មេតំហ្វេតាមីន (ICE) ១៥កញ្ចប់ធំ សញ្ញារូបប៉ានតែ, កញ្ចប់ពណ៌ក្រហម១០០កញ្ចប់ សង្ស័យសាធាតុញៀន, កញ្ចប់ពណ៌ស ១០០កញ្ចប់ សង្ស័យសាធាតុញៀន និងកញ្ចប់ពណ៌ខៀវ ១០០កញ្ចប់ សង្ស័យសាធាតុញៀន។ សរុបគ្រឿងញៀនចំនួនជាង ១៣គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។
សូមជម្រាបថា រយៈពេលចុងក្រោយនេះ ក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនធំៗជាច្រើនករណី។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់៕