(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា យោងតាមច្បាប់របស់ គ.ជ.ប មិនបានចែងឲ្យស្ថាប័នមួយនេះ មានសមត្ថកិច្ច ក្នុងការបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោតនៅបរទេសឡើយ។
គ.ជ.ប នឹងអាចធ្វើរឿងនេះទៅបាន បើស្ថាប័នសភាធ្វើវិសោធនកម្មច្បាប់ គ.ជ.ប ត្រង់ចំណុច ដែលចែងអំពីករណីថា គ.ជ.ប អាចបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរនៅបរទេសបាន។ លោក ហង្ស ពុទ្ធា បានអះអាងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថា យោងតាមច្បាប់របស់ គ.ជ.ប មិនតម្រូវឲ្យ គ.ជ.ប បង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរ នៅបរទេសបានឡើយ។ តែបើបង្កើតបាន ទី១ ស្ថាប័នសភាធ្វើវិសោធនកម្មច្បាប់ គ.ជ.ប ត្រង់ចំណុច ដែលចែងអំពីករណីថា គ.ជ.ប អាចបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរ។ ទី២ ទាក់ទងនឹងបញ្ហាបច្ចេកទេស ក្នុងការបូកបញ្ចូលឈ្មោះ ប្រជាពលរដ្ឋនៅក្រៅប្រទេសជាមួយប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើឲ្យខុសទិន្នន័យចំនួនប្រជាពលរដ្ឋ។ ទី៣ ការចុះឈ្មោះ ប្រជាពលរដ្ឋនៅតាមព្រំដែន ក៏មានផលវិបាកដែរ គឺថា នៅពេលដែលប្រជាពលរដ្ឋនៅតាមព្រំដែន ចុះឈ្មោះបោះឆ្នោត ចំនួនប្រជាពលរដ្ឋកើនឡើង ច្រើនជាងប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍នៅតាមព្រំដែន តើប្រជាពលរដ្ឋនៅទីនោះ យល់ព្រមដែររឺទេ នៅពេលដែលពួកគាត់ មកតែបោះឆ្នោតហើយ ត្រលប់ទៅធ្វើការនៅតាមព្រំដែនវិញ។ ចំណុចទី៤ គឺការទទួលពាក្យបណ្តឹង វាមានការលំបាកណាស់ នៅពេលដែលមានពាក្យបណ្តឹងដាក់នៅតាមស្ថានទូត តើនរណាជាអ្នកដោះស្រាយបញ្ហាទាំងនោះ។
លោក ហង្ស ពុទ្ធា បន្តថា យ៉ាងណាក៏ដោយ គ.ជ.ប ស្វាគមន៍ជានិច្ច ចំពោះអនុសាសន៍ និងសំណូមពរ ក្នុងន័យធ្វើឲ្យប្រទេសកម្ពុជា មានការរីកចំរើន និងដើម្បីឲ្យប្រជាពលរដ្ឋ អាចចូលរួមបោះឆ្នោត ទាំងអស់គ្នា តែលោកស្នើឲ្យការសំណូមពរនេះ ឲ្យស្របទៅតាមការចែងនៅក្នុងច្បាប់ផងដែរ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានស្នើឲ្យ គ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅក្រៅប្រទេស សម្រាប់ពលរដ្ឋខ្មែរ ដែលកំពុងបំពេញការងារ និង រស់នៅក្រៅប្រទេសបោះឆ្នោត។
នៅក្នុងលិខិតដាក់ជូន គ.ជ.ប នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ តំណាងរាស្រ្តមកពីគណបក្សប្រឆាំងនៅកម្ពុជា បានស្នើ គ.ជ.ប រៀបចំការិយាល័យ នៅតាមព្រំដែនខ្មែរ-ថៃ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរជាច្រើនសែននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត ហើយក៏អាចមកបោះឆ្នោតបានផងដែរ។ សម្រាប់បណ្តាប្រទេសឆ្ងាយៗមិនមានព្រំដែនជាប់ជាមួយកម្ពុជាវិញ តំណាងរាស្រ្តបក្សប្រឆាំង ស្នើឲ្យបង្កើត ការិយាល័យនៅតាមស្ថានទូត និងស្ថានកុងស៊ុលខ្មែរ ដើម្បីឲ្យពលរដ្ឋខ្មែរ ក៏ដូចជាមន្រ្តីស្ថានទូត អាចចូលរួមចុះឈ្មោះ និងបោះឆ្នោត ដូចប្រជាពលរដ្ឋនៅក្នុងប្រទេស៕