(ភ្នំពេញ)៖ លោក លឿង រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានថ្លែងថា «តើយកលុយចំណេញមកធ្វើអី បើកំពុងបំផ្លាញសុខភាពប្រជាពលរដ្ឋ និងកំពុងបំផ្លាញសុខភាពខ្លួនឯង ថ្ងៃណាមួយនឹងប៉ះដល់បងប្អូនរបស់គាត់ដែរ»។
លោកបន្ដថា ផលិតផលខ្លះដែលហួសកាលបរិច្ឆេទ បងប្អូនអាជីវករមួយចំនួនដែលអសីលធម៌ បានធ្វើការកូសលុប ហើយបិទកាលបរិច្ឆេទថ្មី ដើម្បីលក់នៅលើទីផ្សារ ដែលមានការហានិភ័យខ្ពស់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋបងប្អូន ដែលបានទិញយកទៅទទួលទាន ដោយមិនបានគិតគូពិចារណាឲ្យបានច្បាស់លាស់។
ការថ្លែងបែបនេះ របស់មន្រ្តីជាន់ខ្ពស់កាំកុងត្រូល បានធ្វើឡើងនារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងពិធីដុតកម្ទេចចោលទំនិញខូចគុណភាពសរុប៩២២កេស ដែល រឹបអូសបាន នាពេលកន្លងទៅ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីលានចាក់សំរាមក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
លោក លឿង រដ្ឋា បានបញ្ជាក់ថា «ប្រសិនបើទំនិញខូចគុណភាពទាំងនេះ នាំចូលតាមច្រកអន្ដរជាតិ គឺមិនអាចនាំចូលបាននោះទេ ព្រោះមន្ដ្រីកាំកុងត្រូលរបស់យើង បានឈរជើងដើម្បីពិនិត្យ និងទប់ស្កាត់ មិនឲ្យនាំចូលនោះទេ។ ផ្ទុយមកវិញទំនិញដែលហួសកាលបរិច្ឆេទ និងទំនិញក្លែងក្លាយទាំងនេះ គឺសុទ្ធសឹងតែនាំចូល តាមច្រករបៀងខុសច្បាប់ ដែលហួសពីដែនសមត្ថកិច្ចរបស់មន្ដ្រីកាំកុងត្រូល ទើបធ្វើឲ្យទំនិញនេះអាចធ្វើចរាចរណ៍បាននៅក្នុងរាជធានី ខេត្ត-ក្រុង»។
លោកបន្ថែមថា ទិសដៅរបស់អគ្គនាយកដ្ឋានកាំកុងត្រូល គឺឲ្យមន្ដ្រីកាំកុងត្រូល សហការជាមួយមន្ដ្រីពាក់ព័ន្ធ ចុះធ្វើការអប់រំប្រជាពលរដ្ឋ តាមមូលដ្ឋានទាំងអស់ មិនថានៅរាជធានីភ្នំពេញ ឬក៏តាមបណ្ដាខេត្ត ស្រុក ខណ្ឌនោះទេ ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់ ការទិញ និងហូបទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ។
លោកបន្ដទៀតថា «កន្លងមក នៅក្នុងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការអប់រំ ផ្សព្វផ្សាយដល់បងប្អូន អាជីវករបានចំនួន៧ខណ្ឌមកហើយ នៅឯសាលារាជធានី ប៉ុន្ដែនៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ មន្ដ្រីកាំកុងត្រូល នឹងធ្វើការអប់រំដល់បងប្អូន នៅខណ្ឌចំការមន»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន បានថ្លែងប្រាប់អ្នកកាសែតថា «លទ្ធដែលទទួលបានក្នុងពេលនេះ គឺកើតចេញពីការសហការ ជាមួយស្ថាប័នពាក់ព័ន្ ធទាំងអស់ ជាពិសេសអគ្គនាយកដ្ឋានកាំកុងត្រូល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយវត្ថុតាងនេះរួមមាន Vina Cafe ២៤០កេស ២០បាវ, Cool Tea ៧០កេស, Cafe ពោត Day to Day១៤៨កេស, ទឹកត្រី Hao Huong៤០៤កេស, មេស្រា៤០ដប ដែលកម្លាំងសមត្ថកិច្ចយើងធ្វើការរឹបអូសបាន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦កន្លងមក នៅចំណុចផ្ទះលេខB១៩-B២០ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានម្ចាស់ជាជនជាតិវៀតណាមឈ្មោះ វិន យៀកលិន អាយុ២៣ឆ្នាំ»៕