អ្នកអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពេញចិត្តការរៀបចំទិវាជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រោះជាចលនាជំរុញការអភិវឌ្ឍលើវិស័យដ៏សំខាន់នេះ (Video inside)
26-03-2023 16:02
(ភ្នំពេញ)៖ ទន្ទឹមនឹងការរៀបចំទិវាជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាលើកដំបូងនៅកម្ពុជានោះ ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាច្រើន ក៏ត្រូវបានរៀបចំដាក់បង្ហាញផងដែរ។
ពិព័រណ៍ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានសរុបជាង ២០០ស្តង់ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្ររយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ពិព័រណ៍នេះ បើកឱ្យប្រជាពលរដ្ឋចូលរួមទស្សនាដោយសេរី។
ធុរជន ក៏ដូចជាក្រុមអ្នកអភិវឌ្ឍន៍ផ្នែកវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្តែងការរីករាយ និងពេញចិត្តជាខ្លាំង ចំពោះការរៀបចំទិវាជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាការតាំងពិព័រណ៍ផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។
សម្រាប់អ្នកធ្វើធុរកិច្ចលើវិស័យទាំងនេះ បានមើលឃើញថា នេះជាឱកាសមួយសម្រាប់ពួកគេបង្ហាញនូវផលិតផល ស្វះស្វែងរកដៃគូវិនិយោគ និងការគាំទ្រ។ ដោយឡែកអ្នកអភិវឌ្ឍន៍វិញ បានមើលឃើញថា ព្រឹត្តិការណ៍នេះ បានបង្ហាញនូវស្នាដៃរបស់ពួកគេ ហើយក៏ជាឱកាសលើកទឹកចិត្តកូនខ្មែរឱ្យចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមទៀតលើវិស័យទាំងអស់នេះ៕