(កំពង់ធំ)៖ លោក សាយ គឹមឡមអភិបាលស្រុកស្ទោងបានអំពាវនាវ ដល់លោកគ្រូសិស្សានុសិស្ស និងសហគមន៍ ឲ្យជួយថែរក្សាសមិទ្ធផលដែលសម្រេចបានឲ្យបានគង់វង្ស។
លោក សាយ គឹមឡម បានអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងព្រះតេជគណ ព្រះប៉ុណញាណ ណិបអ៊ាន ព្រះអនុគណស្តីទីស្រុកស្ទោង និងជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូតព្រមទាំងសហការី បានអញ្ជើញ និងនិមន្ត ជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធឆ្លងរបងថ្មនិងផ្លូវក្រាលក្រួសក្រហម និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាណិបអ៊ាន កន្ធាន ស្ថិតនៅក្នុងភូមិកន្ធាន ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ ឲ្យប្រើប្រាសតទៅនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងឱកាសនេះដែរ លោកក៏បានបញ្ជាក់ថា សមិទ្ធផលដ៏ស្អេកស្កះដែលយើងរួមគ្នាសម្រេចបានទាំងចាស់និងថ្មី គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហេតុនេះហើយយើងត្រូវនាំគ្នាថែរក្សាសន្តិភាពនេះឲ្យបានស្ថិតស្ថេរតទៅ។
ជាមួយគ្នានេះ លោកក៏បានកោតសរសើនិងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជន សហគមន៍ លោកនាយក លោកគ្រូ អ្នកគ្រូ ជាពិសេសបព្រះគ្រូប៉ុនញាណ ណិប អ៊ាន ដែលជាស្ថាបនិកសាលាបឋមសិក្សានេះឡើង ដែលបានលះបង់ទាំងព្រះកាយពលនិង បច្ច័យយ៉ាងច្រើន ក្នុងការកសាងសាលារៀននេះសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រស្របតាមគោលនយោបាយក្រសួងអប់រំនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ថែមថា ការសម្ពោធរបងថ្មប្រវែង២៥៧ ម៉ែត្រនិងផ្លូវក្រាលគ្រួសក្រហមចូលសាលារៀនប្រវែង១៨០ ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៦២,១៨៤,៤០០ រៀល នេះគឺជាកម្លាំងសាមគ្គីដ៏មហាសាលដែលព្រះតេជគណ ណិប អ៊ាន បានដឹកនាំពុទ្ធបរិស៏ទ សហគមន៍ លោកគ្រូសិស្សានុសិស្ស កសាងទុកជាសម្បត្តិមនុស្សជាតិប្រើប្រាស់តទៅ។
គួរបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ លោក សាយ គឹមឡម និងគណអធិបតីបានឧបត្ថម្ភកម្មវិធីសម្ពោធនេះនូវទឹកប្រាក់ចំនួន ១,៤២០,០០០ រៀល និងបានឧបត្ថម្ភដល់សាលារៀនទាំង១១ក្នុងឃុំប្រឡាយ នូវកង្ហារចំនួន៤ក្នុងមួយសាលា ដោយឡែកបឋមសិក្សាណិប អ៊ាន កន្ធាន ទទួលបានកង្ហារចំនួន១០និងបានឧបត្ថម្ភនូវប៊ិច សៀវភៅ និងថវិកាមួយចំនួនដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូមួយចំនួនផងដែរ ហើយលោក និងព្រះគ្រូណិបអ៊ាន សន្យានឹងជួយសាងសង់រោងហូបបាយរបស់កុមារនូវទឹកប្រាក់១,០៤០ដុល្លារថែមទៀត៕