(ពោធិ៍សាត់)៖ សាលាភត្ត កុដិថ្ម ចេតិយ៍រួម និងសមិទ្ធផលផ្សេងជាច្រើនទៀត ដែលមានតម្លៃជិត១៦០០លានរៀល ក្នុងវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដែលទើបតែកសាងរួចរាល់ ត្រូវបានកាត់ខ្សែបូសម្ពោធឆ្លង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ អភិបាលអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
លោក ឡាយ វិសិដ្ឋ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ខូយ រីដា ជូនដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលបានចូលរួមនាឱកាសនោះ។ លោកបានបង្ហាញអំពីទឹកចិត្តជ្រះថ្លាចំពោះអ្នកកាន់ និងគោរពព្រះពុទ្ធសាសនា ពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលតែងតែបានខិតខំប្រឹងប្រែង រួបរួមសាមគ្គីគ្នា កសាងសមិទ្ធផលបានជាច្រើន និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
លោកបានថ្លែងថា រាល់សមិទ្ធផលដែលកើតមានឡើងទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ នៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្ត គឺបន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចទូទាំងខេត្តពោធិ៍សាត់ មិនថាអ្នករស់នៅទីក្រុង ឬជនបទនោះឡើយ គឺឱ្យតែមានការលំបាកសម្តេចតែងតែគិតគូជានិច្ច។
លោកបានថ្លែងទៀតថា យើងពិតជាសប្បាយរីករាយណាស់ ចំពោះសមិទ្ធផលទាំងឡាយ នៅក្នុងវត្តបន្ទាយដី ព្រោះជាមនុញ្ញផលបានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល និងការជឿជាក់ ចំពោះព្រះពុទ្ធសាសនា។ លោកអភិបាលរងខេត្តក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាទុកសមិទ្ធផលទាំងអស់នោះ ជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នា ត្រូវចេះថែរក្សា ការពារ មរកតរបស់ជាតិដែលកំពុងតែមាន។
លោកក៏បានជម្រាបជូនឱ្យដឹងផងដែរថា នៅពេលខាងមុខ យើងនឹងមានរៀបចំមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី នៅលើបូរីវប្បធម៌កោះសំពៅមាស ហើយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង ក៏បាននឹងកំពុងរៀបចំសោភណ្ឌភាព និងតុបតែងល្អភ្លើងព័ណ៌ ដើម្បីទទួលសាទរទេវតាឆ្នាំថ្មី និងដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តឱ្យបានកាន់តែច្រើនឡើង ខណៈដែលខេត្តរបស់យើង ទើបនឹងទទួលបានពានរង្វាន់ផ្ការំដួល២ទង។ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមស្នើដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានទាំងអស់គ្នា និងគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
បន្ទាប់ពីប្រគល់ថវិកាសម្រាប់ចូលរួមកសាងវត្តនោះរួចមក លោកអភិបាលរងខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធឆ្លងសាលាភត្ត និងសមិទ្ធផលផ្សេងជាច្រើនទៀត ស្របទៅតាមគន្លងនៃព្រះពុទ្ធសាសនា ព្រមទាំងបានរាប់បាតដល់ព្រះសង្ឃនាពេលនោះផងដែរ៕