(ស្វាយរៀង)៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងតំណាង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុសមន ស្ថិតនៅក្នុងឃុំបុសមន ស្រុករំដួល។
លោកអភិបាលខេត្ត បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកស្រីកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំបុសមនក៏ដូចជានៅទូទាំងស្រុករំដួល។
លោកបន្តថា សមិទ្ធផលដែលកើតឡើងនៅទីវត្តបុសមននេះ គឺមិនមែនកើតឡើងដោយចៃដន្យ នោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
លោកបានបន្ថែមថា កត្តាសុខសន្តិភាព និង ការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការចូលរួម ចំណែក កសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែងសមិទ្ធផល ជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តបុសមនយើងនេះ គឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជាមកពីទីកន្លែងផ្សេងៗ។
លោកបានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។
*២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។
*៣.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាន នូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។
*៤.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។
*៥.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវ បន្ត យកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ការងារបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារ សន្តិ សុខ សុ វត្ថិភាព ឲ្យ បាន ល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ។
*៦.ទន្ទឹមនេះ ក៏សូមសំណូមពរបងប្អូនប្រជាពលរដ្ឋយើងបន្តអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូស ជំរុញ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ឲ្យបានកាន់តែរឹងមាំ។
*៧.សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមឯកសារឲ្យបានគ្រប់គ្រាន់សម្រាប់ បម្រើឲ្យការបោះឆ្នោត និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះអភិបាលខេត្តបាន ផ្ដល់ជូននូវថវិការបសលោក និងថវិកាលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំនួន១៥លានរៀលសម្រាប់កសាងវត្ត និងថវិកា៣០០០ដុល្លារ សម្រាប់កសាងសាលាបឋមសិក្សា ហ៊ុន សែន បុសមនលេី និងអំណោយរបស់លោកសុខ ឥសាន និងលោក យឺន រី និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនរួមមាន ផ្ដល់ជូន យាយជី តាជី ១១០នាក់ ក្នុងម្នាក់ៗ ឃីត ១កញ្ចប់,ប្រជាពលរដ្ឋ ៣៥០នាក់ ប្រជាការពារ ៣៦នាក់ និងមេភូមិ អនុភូមិ សមាជិកភូមិ ក្នុងម្នាក់ៗ សារុង ១,លោកគ្រូ អ្នកគ្រូ ១១នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០រៀល សិស្សានុសិស្ស ២៨០នាក់ យុវជនស.ស.យ.ក ១០នាក់ និងយុវជនកាកបាទក្រហម ២០នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិក ១ដើម និងថវិកា ៥.០០០រៀល៕