(ស្ទឹងត្រែង)៖ ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង នាចុងសប្តាហ៍កន្លងទៅនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារបានល្អ ផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល ឆ្លើយតបបាននូវបញ្ហាប្រឈមមិនធ្លាប់មាន ដូចជាវិបត្តិជំងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បង្កើតឲ្យមានសម្ពាធអតិផរណាជាដើម។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះថា «បើសិនកិច្ចការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ រយៈពេល១០ឆ្នាំចុងក្រោយនេះ ដំណើរការមិនមានល្អ ពិសេសការងារប្រមូលចំណូលរបស់អង្គភាពធំៗពីរ [គយ និងពន្ធដារ] ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ធ្វើការមិនបានល្អទេ ដែលការប្រមូលចំនូលរបស់គយ និងពន្ធដារ ពីរនេះស្មើនឹង៩០ភាគរយនៃចំណូលរបស់ជាតិសរុប លទ្ធផលនៃការងាររបស់យើងក្នុងផ្នែកនេះ បានផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល គ្រប់គ្រងសភាពការណ៍បាន ជាមួយនឹងការអភិវឌ្ឍ ឆ្លើយបតទៅនឹងបញ្ហាប្រឈមដែលមិនធ្លាប់មាន ដូចជាជំងឺកូវីដ១៩ ការពារអាយុជីវិតប្រជាពលរដ្ឋបាន បង្កើតភាពសុំាសហគមន៍បាន អនុញ្ញាតឲ្យយើងបើកប្រទេសឡើងវិញ សកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ ដែលជាប្រទេសមួយដែលធ្វើកិច្ចការនេះ បានល្អជាងគេ មិនមែនត្រឹមតែក្នុងកម្រិតតំបន់ គឺកម្រិតសកលថែមទៀតផង»។
លោកបន្តថា «ដោយសារតែយើងមានមរតកល្អប្រសើរ ក្នុងការកៀរគរចំណូលកន្លងមកអនុញ្ញាតឲ្យយើង ឆ្លើយតបទៅនឹងបញ្ហាប្រឈមបាន មិនត្រឹមតែកូវីដ១៩ទេ នៅក្រោយកូវីដ១៩មក យើងបន្តជួបការប្រឈមជាមួយបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សម្ពាធអតិផរណា ដែលតម្រូវឲ្យយើងយកចិត្តទុកដាក់ដោះស្រាយ ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋយើងបាន ដោយមួយឆ្នាំយើងចំណាយជិត៤០០លានដុល្លារ គ្រាប់តែសម្រាប់ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋ ដែលនេះជាសារសំខាន់នៃការគៀងគរចំណូល»។
ដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចកិច្ចសកល មានភាពមិនប្រាកដប្រជាច្រើន អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំឲ្យស្ថាប័នប្រមូលចំណូលជាតិ ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការទប់ស្កាត់ និងដោះស្រាយ។
លោកបានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារ តាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនយ៉ាង គឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២ អនុវត្តការងារជាក្រុម ទី៣ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤ មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធ រវាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន៕