(២ធ្នូ-ស្នួល-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងក្នុងពិធីជួបសំណេះសំណាល ការប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្ស និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារ និងរបងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយគូសបញ្ជាក់ច្បាស់ថា៖ «សន្លឹកឆ្នោតមានតម្លៃ គឺជាសន្លឹកឆ្នោតនៃសុខសន្តិភាព និងការអភិវឌ្ឍ»។
ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សស្រុក ឃុំ និងភូមិ ដែលមានអ្នកចូលរួមសរុបជាង ៦០០នាក់។
បន្ទាប់ពីលោក សាម ណាល់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្នួលបានថ្លែងមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងរំលឹកឡើងវិញពីទឹកដីនៃវីរភាព នៅក្នុងខេត្តក្រចេះ ពិសេសនៅឃុំ ២ធ្នូ ស្រុកស្នួល ដែលជាទីកន្លែងចាប់បដិសន្ធិនៃរណសិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ ដែលបានសង្គ្រោះប្រជាជននិងប្រទេសកម្ពុជាឱ្យចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
មានសច្ចធម៌ប្រវត្តិសាស្ត្រថ្ងៃ២0 ខែមិថុនា ឆ្នាំ១៩៧៧, ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ និងថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទើបមានអ្វីៗទាំងអស់នៅថ្ងៃនេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានក្រើនរំលឹកប្អូនៗ យុវវ័យជំនាន់ក្រោយថា បើទោះបីពេលវេលាបានកន្លងផុតទៅយ៉ាងយូរប៉ុណ្ណាក្តី ពោលគឺតាំងពីមុនកំណើតប្អូនៗទៅទៀតក៏ដោយក្តី ការចងចាំជាប់ជានិច្ចនូវព្រឹត្តិការណ៍សច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា នឹងក្លាយជាតម្លៃថ្លៃថ្លានៃគុណប្រយោជន៍សម្រាប់អនាគតរបស់ប្អូនៗ។
មនុញ្ញផលនៃម្លប់សុខសន្តិភាព និងការអភិវឌ្ឍដែលសង្គមជាតិ និងយើងទាំងអស់ទទួលបាននៅពេលបច្ចុប្បន្ន និងទៅអនាគត ច្បាស់ប្រាកដជាកើតចេញពីលទ្ធផលនៃការតស៊ូមុះមុត ប្រកបដោយវីរភាព និងពលីកម្មរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោជាប្រមុខ។
មូលហេតុចំបងដែលប្រជាជនកម្ពុជាច្រើនលើសលប់មានជំនឿគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ហើយច្បាស់ណាស់ថា ប្រជាជនកម្ពុជានៅតែគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំសង្គមជាតិយូរអង្វែងបន្តទៅទៀត គឺពិតជាដើម្បីសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់ប្រទេសជាតិនិងមនុស្សគ្រប់ជំនាន់តរៀងទៅ។
ហេតុនេះច្បាស់ណាស់ថា «សន្លឹកឆ្នោតមានតម្លៃ គឺជាសន្លឹកឆ្នោតនៃសុខសន្តិភាព និងការអភិវឌ្ឍ»។
ចុងបញ្ចប់នៃពិធី លោករដ្ឋមន្ត្រី ព្រុំ សុខា ក៏បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេច ប័ណ្ណថ្លែងអំណរគុណជូនដល់សប្បុរសជន និងចែកអំណោយដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សនៅឃុំ ២ធ្នូ ផងដែរ៕