(អាមេរិក)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទតំណាងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមសន្និសីទស្តីពីទឹកឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ ដែលសហការរៀបចំដោយ ប្រទេសតាហ្ស៊ីគីស្ថាន និងប្រទេសហូឡង់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់របស់បណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន សរុបប្រហែល ២០០ ប្រទេស/ស្ថាប័ន។
សន្និសីទស្តីពីទឹករបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៣ មានគោលបំណងត្រួតពិនិត្យពាក់ កណ្តាលអាណត្តិអំពីការអនុវត្តការងារនិរន្តរភាពទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព២០១៨-២០២៨ ដែលពាក់ព័ន្ធជុំវិញ (១) ការចែករំលែកចំណេះដឹង បទពិសោធន៍នៃការគ្រប់គ្រង ការប្រើប្រាស់ទឹក និងអនាម័យឱ្យកាន់តែប្រសើរឡើង (២) ការចាត់វិធានការរួមគ្នាដើម្បីឈានទៅសម្រេចបាននូវគោលដៅទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា។
សន្និសីទនេះ ក៏ជាវេទិកាសម្រាប់ផ្តល់ឱកាសឱ្យបណ្តាប្រទេសជាសមាជិកបញ្ជាក់អំពីការប្តេជ្ញាចិត្ត ផែនការ និងបទពិសោធន៍ល្អៗនានា ក្នុងការគ្រប់គ្រង ការប្រើប្រាស់ទឹក និងអនាម័យផងដែរ។
សន្និសីទទទួលបានការចូលរួមបើកដោយ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ, លោកស្រីប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ឯកឧត្តមអគ្គលេខាធិការអង្គសន្និសីទ និងសហប្រធាន ប្រទេសតាហ្ស៊ីគីស្ថាន និងប្រទេសហូឡង់។
បណ្ឌិតសភាចារ្យ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានរាយការណ៍ជូនអង្គសន្និសីទអំពីជំហររបស់កម្ពុជាចំពោះប្រធានបទនេះ អំពីលទ្ធផលការងារ និងបញ្ហាប្រឈម និងអំពីទិសដៅជាយុទ្ធសាស្រ្ត នៃការគ្រប់គ្រង ការប្រើប្រាស់ទឹក និងអនាម័យសម្រាប់ទាំងអស់គ្នាប្រកប ដោយចីរភាព។
ឆ្លៀតក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ៗ ផ្សេងទៀតផងដែរក្នុងនោះរួមមាន(១) ទទួលទានអាហារការងារថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រោមប្រធានបទ «ទឹកបង្រួបបង្រួមយើងទាំងអស់គ្នា» ដែលរៀបចំដោយព្រះមហាក្សត្រនៃប្រទេសហូឡង់ និងប្រធានាធិបតីតាហ្ស៊ីគីស្តង់ (២) កិច្ចប្រជុំគណៈកម្មការដឹកនាំអំពីអនាម័យ និងទឹកស្អាតសម្រាប់ទាំងអស់គ្នា (SWA) និង(៣) កិច្ចពិភាក្សាស្តីពីការជំរុញវឌ្ឍនភាពនៃការលើកកម្ពស់ការសម្អាត និងអនាម័យប្រកបដោយសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ដែលសហការរៀបចំដោយអង្គការយូនីសេហ្វ។
សន្និសីទបានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដោយបានអនុម័តរបាយការណ៍បូកសរុបអង្គសន្និសីទទាំងមូល ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តការប្រើប្រាស់ និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព៕