(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងលោកស្រី ងួន ឆេងនីម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធរុក្ខទិវា នឹងចុះចែកកូនឈើចំនួន៣៣០០ដើម ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្ថិតក្នុងភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ព្រមទាំងបានទទួចឱ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់រាល់សកម្មភាពចូលកាប់បំផ្លាញព្រៃខុសច្បាប់។
ក្នុងពិធីនេះផងដែរ លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានលើកឡើងថា «នៅក្នុងឆ្នាំ២០១៦នេះ ខាងជំនាញរដ្ឋបាលព្រៃឈើ បានបណ្តុះកូនឈើបានចំនួនជាង១៤ម៉ឺនដើម ដែលមាន២៧ប្រភេទ និងបានចែកជូនប្រជាពលរដ្ឋ និងសហគមន៍យកទៅដាំដុះ ហើយបុណ្យរុក្ខទិវាដែលប្រារព្វធ្វើថ្ងៃនេះ យើងត្រូវដាំកូនឈើចំនួន៣ប្រភេទ មានដើមក្រញូង ដើមកកោះ និងដើមអាកាស្យា សរុបចំនួន៣៣០០ដើម នៅលើផ្ទៃដីទំហំ៣ហិកតា»។
លោកអភិបាលខេត្តកំពង់ធំ ក៏បានបញ្ជាឱ្យខាងជំនាញរដ្ឋបាលព្រៃឈើ ត្រូវរួមសហការគ្នាចុះបង្ក្រាប និងទប់ស្កាត់ការកាប់រានទន្ទ្រានព្រៃដោយខុសច្បាប់ ឲ្យមានប្រសិទ្ធភាពជាកំហិត។
សូមជម្រាបថា ការរៀបចំបុណ្យរុក្ខាទិវានេះ ក៏មានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ សិស្សានិសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍ ជាច្រើនរយនាក់ផងដែរ៕