(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍ មូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួន៣បន្ថែមទៀត គឺទី១៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល, ទី២៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង៣៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលផ្តល់អាទិភាព ខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិតការអនុវត្តនូវយុទ្ធសាស្រ្តទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរៀបចំក្របខ័ណ្ឌគតិយុត្តិ ជាពិសេសការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិឱ្យឆ្លើយតបានពេញលេញ ទៅនឹងតម្រូវការ នៃការអភិវឌ្ឍកម្ពុជា ការប្រែប្រួលនៃនិន្នាការតំបន់ និងសកល។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា ជំរុញ និងលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍កម្ពុជា។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សេន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត៕