(ប៉ៃលិន)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន បានធ្វើពីធីបើកវគ្គ បណ្តុះបណ្តាលជំនាញខ្លីៗ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប១៣៩នាក់ ស្រី៧១នាក់ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងពិធីនេះដែរ ក្រោមវត្តមានលោក ប៊ិន ហ៊ន អភិបាលរងក្រុងប៉ៃលិន លោក ចក់ ឬទ្ធី អភិបាលរងស្រុកសាលាក្រៅ លោក គឺន សុគន្ធ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមន្រ្តីរាជការមន្ទីរជំនាញនានា ជាច្រើនរូបទៀត។
លោក គឺន សុគន្ធ ខេត្តប៉ៃលិន បានលើកឡើងថា វគ្គបណ្តុះបណ្តាលដែលត្រូវដំណើរការនេះមាន ជំនាញសំអាងកាយ១វគ្គ ,ជួសជុលម៉ូតូ១វគ្គ, ជួសជុលកុំព្យូទ័រ១វគ្គ កុំព្យូទ័របញ្ចូលបទភ្លេងទូរស័ព្ទដៃ៥វគ្គ ជំនាញចិញ្ចឹមមាន់ ចាក់វ៉ាក់សាំង២វគ្គ និងដាំបន្លែបែបទំនើប២វគ្គ ផងដែរ។
លោកបានបន្តថា វគ្គសិក្សានេះ មានរយៈពេល៤ខែ ប៉ុន្ដែសម្រាប់ជំនាញ ជួសជុលម៉ូតូ កុំព្យូទ័រ សំអាងកាយ មានរយៈពេលពី១សប្តាហ៍ និងជំនាញកសិកម្មមួយខែ។
លោក ចក់ ឬទ្ធី អភិបាលរងស្រុកសាលាក្រៅ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាវិស័យអទិភាពមួយមានសារសំខាន់សម្រាប់កសាងធនធានមនុស្ស និងកម្លាំងពលកម្មប្របកដោយគុណភាព។
លោកបន្ដថា ការបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស រយៈពេលខ្លីជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សនាពេលនេះ មានសារសំខាន់ និងឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្តែងនៅក្នុងស្រុករបស់យើង ហើយវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋមានចំណេះដឹង និងជំនាញបច្ចេកទេស ក្នុងការពង្រឹង ពង្រីកមុខរបររបស់ខ្លួន ក៏ដូចជាការបង្កបង្កើតមុខរបរថ្មី រកប្រាក់ចំណូលចូលគ្រួសារកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ដ្រី។
ជាចុងក្រោយ លោកក៏បានណែនាំ ឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ ទាំងអស់នេះ ទៅអនុវត្តន៍ ឲ្យទទួលបានជោគជ័យពេលបញ្ចប់វគ្គសិក្សា៕