(ព្រះសីហនុ)៖ ប្រតិភូសមាគមរាជសីហ៍ចំនួន ២០រូប ដឹកនាំដោយលោកឱសថការីឧត្តម ឯម សុផល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅកំពង់ផែព្រះសីហនុ បានធ្វើការទទួលស្វាគមន៍ការចូលចតរបស់នាវាឃ្លាំមើលរបស់កងទ័ពជើងទឹកបារាំង «ប្រេរីយ៉ាល់ F-731 (Frigate Prairial)» ដែលតំណាងដោយលោកវរៈសេនីយ៍ទោ សេបាស្ទៀន កៃ (Sébastien Kail) ប្រធានបេសកកម្មសហប្រតិបត្តិការណ៍ការពារប្រទេសបារាំង។
ជាមួយនឹងការជូនបាច់ផ្កាស្វាគមន៍ ព្រមទាំងការដូរក្រមាវប្បធម៌ខ្មែរជាអនុស្សាវរីយ៍ជូនដល់តំណាងមេបញ្ជាការនាវា លោក ឯម សុផល បានថ្លែងថា ក្នុងនាមជាសមាគមរាជសីហ៍ ក៏ដូចជាក្នុងនាមជាប្រជាពលរដ្ឋខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានឃើញនាវាល្បាតរបស់កងទ័ពជើងទឹកប្រទេសបារាំងចូលសំចត និងធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកំពង់ផែព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដែលសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការលើវិស័យយោធា ក៏ដូចជាទំនាក់ទំនងវិស័យការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-បារាំង។
លោកបន្តថា នេះក៏ជាហេតុផលដែលធ្វើឲ្យសមាគមរាជសីហ៍ ដែលជាអង្គការក្រៅរដ្ឋាភិបាលបានយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាមិនបានប្រគល់កំពង់ផែយោធាកម្ពុជាទៅឲ្យកងទ័ពប្រទេសណាមួយផ្ដាច់មុខដូចការចោទប្រកាន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួនកន្លងមកនោះទេ។
ក្នុងឱកាសនោះដែរ លោកវរៈសេនីយ៍ទោ សេបាស្ទៀន កៃ ក៏បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ព្រមទាំងនាំប្រតិភូសមាគមរាជសីហ៍ ធ្វើទស្សនកិច្ចនិងបទបង្ហាញអំពីនាវាចម្បាំង «ប្រេរីយ៉ាល់» ដែលបានសាងសង់នៅក្នុងឆ្នាំ ១៩៩២ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៩៣។ នាវានេះមានបណ្ដោយ 94m ទទឹង 14m ជម្រៅទឹក 4.3m ទំងន់ផ្ទុក 2950T ។
ការបម្រើការនៅលើនាវា មាននាវិក ចំនួន ៩០នាក់ និងកម្លាំងកងទ័ពម៉ារីន ៤០នាក់ មានផ្ទុកឧទ្ធម្ភាគចក្រ ១គ្រឿង ប្រភេទ Dauphin ដើម្បីធ្វើប្រតិបត្តិការណ៍ឃ្លាំមើលនៅលើតំបន់ប៉ូលីណេស៊ី។ នៅបញ្ចប់ទស្សនកិច្ច លោកក៏បានថ្លែងអំណរគុណដល់សមាគមរាជសីហ៍ដែលបានបំពេញទស្សនកិច្ចនៅលើនាវារបស់លោក និងសង្ឃឹមថាចំណងទាក់ទងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងកាន់តែរឹងមាំបន្ថែមទៀត៕