(កណ្ដាល)៖ គណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម ខេត្តកណ្ដាល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសបញ្ចូលសមាជិកថ្មីសរុបចំនួន ៥៧២នាក់ ដែលមកពីឃុំពាមឧកញ៉ាអុង ៣៤៣នាក់ ឃុំកោះរះ ១៥៧នាក់ និងឃុំព្រែកក្មេង៧២នាក់ ក្រោមការទទួលស្វាគមន៍របស់លោក គង់ វិបុល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។
លោក គង់ វិបុល បានលើកឡើងថា លក្ខណៈសម្បត្តិក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺត្រូវមានគុណធម៌ និងទំនាក់ទំនងល្អជាមួយប្រជាជន ត្រូវថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ជួយផ្តល់មតិគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន។ ក្រៅពីនេះត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។
លោកបន្តថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវតែជាមនុស្សដែលស្អាតស្អំ មានការបណ្តុះបណ្តាល អភិវឌ្ឍន៍ខ្លួនឯង សម្រាប់ជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
លោកអនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកល្វាឯម បានណែនាំសមាជិកបក្ស ត្រូវពិនិត្យបញ្ជីបោះឆ្នោត ដើម្បីឲ្យដឹងថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងពិនិត្យអត្តសញ្ញាបណ្ណសញ្ជាតិខ្មែររបស់ខ្លួន ដើម្បីឲ្យដឹងច្បាស់ថា នៅសុពលភាព អាចប្រើប្រាស់បាន ប្រសិនបើផុតសុពលភាព សូមទៅធ្វើថ្មីនៅប៉ុស្តិ៍នគរបាលដែលនៅជិតផ្ទះ។
លោក គង់ វិបុល បានជំរុញឲ្យសមាជិកបក្សប្រឹងប្រែង «រក្សាចាស់ បង្កើតថ្មី» បានសេចក្តីថារក្សានូវសមាជិកបក្សចាស់ និងព្យាយាមអូសទាញនូវសមាជិកថ្មីៗបន្ថែមទៀត។
លោកបានអំពាវនាវដល់សមាជិកសមាជិកាទាំងអស់ ដើម្បីជាការដឹងគុណដល់ស្ថាបនិកសន្តិភាព ស្ថាបនិកនយោបាយឈ្នះ ឈ្នះ គឺត្រូវតែចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅខែកក្កដាខាងមុនឲ្យបានគ្រប់ៗ ឈានដល់ការទទួលបានជ័យជម្នះ។
គួរជម្រាបថា ចំនួនសមាជិកបក្សដែលបានបញ្ចូលទៅក្នុងប្រព័ន្ធគិតត្រឹមថ្ងៃទី២០ ខែមីនា មានចំនួន ៣៩,៣៣៩នាក់ (ស្រី២១,៦០១នាក់)។ ការធ្វើពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ គឺបានធ្វើពិធីប្រកាសបញ្ចូលបាន ២ឃុំរួចហើយ គឺឃុំអរិយក្សត្រ ១៦៥នាក់ ឃុំសារិកាកែវ ២៤៥នាក់ ខណៈថ្ងៃនេះប្រកាសបញ្ចូល៣ឃុំទៀត គឺឃុំពាមឧកញ៉ាអុង ៣៤៣នាក់ ឃុំកោះរះ ១៥៧នាក់ និងឃុំព្រែកក្មេង ៧២នាក់ នៅសល់១០ឃុំទៀត គឺឃុំបារុង ៩៧នាក់ ឃុំថ្មគរ ១៧៤នាក់ ឃុំទឹកឃ្លាំង ១៧៦នាក់ ឃុំបឹងគ្រំ ៧៤នាក់ ឃុំល្វាស ១៨៧នាក់ ឃុំកោះកែវ ៧៣នាក់ ឃុំសំបួរ ២៣៨នាក់ ឃុំព្រែកឫស្សី ៣៣០នាក់ ឃុំភូមិធំ ៨៨នាក់ ឃុំព្រែករៃ ២០៦នាក់ សរុបចំនួន១,៦៤៣នាក់៕