(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានសុំឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ចំរើនផល ក៏ដូចជាទូទាំងខេត្ត ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី លោកនឹងរួមសុខទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់លោក បើករង់ចាំប្រជាពលរដ្ឋតេចូល២៤ម៉ោង លើ២៤ម៉ោង ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតមានឡើង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសលោកជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋទាំង៨ភូមិ ក្នុងសង្កាត់ចំរើនផល ប្រមាណ៣ពាន់នាក់ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅបរិវេណវត្តឯការាម(ហៅវត្តឯក) ស្ថិតក្នុងភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។
បន្ថែមពីនេះ លោក ម៉ៅ ធនិន បានលើកឡើងថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធិផលជាច្រើន ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាទំនប់ស្ទាក់ទឹកទី៣ និងទី៥ ដែលទំនប់ទាំង២ មានសមត្ថភាពស្តុកទឹក រហូតដល់ជាង៥០លានម៉ែត្រគូប ដើម្បីស្រោចស្រពស្រូវជូនប្រជាពលរដ្ឋក្នុងរដូវប្រាំង។
ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានសម្រេចស្ថាបនាផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់ ទៅឃុំថ្មដា ស្រុកវាលវែង មានព្រំប្រទល់ជាប់ខេត្តត្រាត ប្រទសថៃ មានចម្ងាយប្រមាណ១៨៦គីឡូម៉ែត្រ នៅពេលដែលផ្លូវនេះស្ថាបនារួច ជីវភាពរបស់ប្រជាជនយើង នឹងត្រូវបានលើកកម្ពស់បន្ថែម ដោយសារកំណើននៃការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង។
លោកអភិបាលខេត្ត បានបន្តថា បច្ចប្បន្នរូបលោកកំពុងបំពេញតួនាទី២ គឺទី១ក្នុងនាមជាអភិបាលខេត្ត គឺលោកមានភារកិច្ចអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ជាពិសេស មានភារៈកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាពធានាឲ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍទាំងសង្គមជាតិ ព្រមទាំងសង្គមគ្រួសារ និងទី២ ក្នុងនាមជាសមាជិកគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋទាំង ៤៧ម៉ឺននាក់ក្នុងខេត្ត គឺលោកនឹងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់លោក នឹងបើករង់ចាំប្រជាពលរដ្ឋតេចូល ២៤ម៉ោង លើ២៤ម៉ោង ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតមានឡើង។
ជាមួយគ្នានោះ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តការងារ ជាពិសេសខិតខំជួយជម្រុញប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នា បើមិនដូច្ឆោះទេ ពុំមានសិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។ លោកក៏បានជម្រាបទៅដល់ប្រជាពលរដ្ឋ សូមចូលរួមសហការគ្នា ក្នុងអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ពិសេសពាក់ព័ន្ធទៅនឹងគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលបានជះឥទ្ធិពលមិនល្អឱ្យមជ្ឈដ្នានខាងក្រៅ រិះគន់មកលើថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្នាន។
ជាចុងក្រោយ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ក៏បានជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋដែលចូលរួមប្រមាណ៣ពាន់នាក់ ក្នុងម្នាក់ៗទទួលបានសារុងម្នាក់១ ផងដែរ៕