(រតនគិរី)៖ បុណ្យផ្កាប្រាក់សាមគ្គីមួយដែលផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់មន្ទីរអង្គភាព និងពុទ្ធបរិស័ទក្នុងខេត្តរតនគិរី បានមូលមតិគ្នាជាឯកឆ័ន្ទប្រារព្ធធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យចាក់ប្លង់សេ ឧប្បដ្ឋានសាលា (សាលាឆាន់) មានទំហ៊ុំ៩០០ម៉ែត្រការ៉េ នៅក្នុងពុទ្ធសីមា វត្តសិលាគីរីរុក្ខារាម (វត្តភ្នំបេង) ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
កម្មវិធីបុណ្យបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តនាល្ងាចនៅថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែ មីនា គ.ស. ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រីព្រមទាំងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដោយបានរៀបចំពិធីទៅតាមលំដាប់លំដោយប្រពៃណីព្រះពុទ្ធសាសនា មានដូចជា៖ពិធីសូត្រមន្តធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា។
លុះព្រឹកឡើងថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ មីនា គ.ស ២០២៣ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្តបាន រៀបចំដង្ហែផ្កាប្រាក់ឆ្ពោះទៅកាន់ទីអារាមខាងលើវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
នាឱកាសនេះលោក ញ៉ែម សំអឿន បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ជាក់ស្តែងការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះជាការបង្ហាញពីសាមគ្គីគ្នារវាងផ្នែកពុទ្ធចក្រ និងអាណាចក្រ លើការយកចិត្តទុកដាក់គាំទ្រវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន។
សូមបញ្ជាក់ផងដែរថា បច្ច័យប្រមូលបានពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់យកប្រើប្រាស់ក្នុងការចាក់ប្លង់សេសាលាឆាន់នៅវត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) នាពេលនេះទទួលបានប្រាក់ដុល្លារ ១៤,៣៨០ដុល្លារ និងប្រាក់រៀលចំនួន៣ ៤,២៥០,០០០រៀល៕