(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប បានរៀបចំវេទិកាពិគ្រោះយោបល់ពហុវិស័យស្តីពីការលើកកម្ពស់យន្តការទទួល និងដោះស្រាយបណ្តឹងទាក់ទងនឹងសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការ ឆ្លើយតបទៅនឹងបញ្ហាប្រឈម ក៏ដូចជាការដោះស្រាយរាល់សំណើ សំណូមពរ និងបណ្តឹងរបស់ប្រជាពលរដ្ឋ។
វេទិកានេះធ្វើនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តសៀមរាប។
លោក សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកាពិគ្រោះយោបល់ពហុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់យល់ដឹងថែមទៀតអំពីយន្តការទទួល និងដោះស្រាយបណ្តឹងតាមរយៈរបាយការណ៍ ការិយាល័យប្រជាពលរដ្ឋ ទទួលបានគ្រប់មធ្យោបាយ និងសិក្សាស្វែងយល់ពីប្រសិទ្ធភាពនៃការឆ្លើយតបអំពីបញ្ហាប្រឈម និងកម្រិតលទ្ធភាពក្នុងការដោះស្រាយរាល់សំណើ សំណូមពរ និងបណ្តឹង ព្រមទាំងប្រមូលចងក្រងព័ត៌មាន ទិន្នន័យទាក់ទងនឹងសំណើ សំណូមពរ បណ្តឹង និងការឆ្លើយតបការដោះស្រាយបណ្តឹងនានា ដែលបានធ្វើកន្លងមក និងរៀបចំរបាយការណ៍សម្រាប់វេទិកាពហុវិស័យថ្នាក់ជាតិ។
លោកបានបន្តថា ដើម្បីស្តារ និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ សំដៅធ្វើយ៉ាងណាឱ្យប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនឡើងវិញលើគ្រប់វិស័យ ទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងធុរកិច្ចរបស់វិស័យឯកជន ទាំងផ្នែកសហគ្រិនក្នុង និងក្រៅប្រព័ន្ធធ្វើយ៉ាងណាឱ្យវិស័យទាំងអស់នោះវិលមករកប្រក្រតីភាព និងមានវឌ្ឍនភាពដ៏ពេញលេញ ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានបន្តទៀតថា ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើទំនើបកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានា រួមមាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាពិសេសគឺការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំ២០២១-២០៣០។
ការិយាល័យប្រជាពលរដ្ឋ ក៏បានផ្តល់ព័ត៌មាន ទទួល និងដោះស្រាយនូវសំណួរ សំណើ សំណូមពរ ក៏ដូចជាបណ្តឹងផ្សេងៗជូនប្រជាពលរដ្ឋ តាមរយៈមធ្យោបាយផ្សេងៗ រួមមាន តុពិសេស ប្រអប់សំបុត្រ ទូរស័ព្ទ ប្រព័ន្ធអេឡិកត្រូនិក និងកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលផលិតដោយគម្រោងសាលាអភិបាលកិច្ចចំនួន៥៤ករណី (តាមរយៈជួបផ្ទាល់២៥ករណី ទូរស័ព្ទ១៦ករណី ប្រអប់សំបុត្រ១១ករណី និងសារអេឡិចត្រូនិក២ករណីផងដែរ)។
លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត បានលើកដែរថា ដើម្បីអនុវត្តគម្រោងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ និងមានភាពរលូន គម្រោងបានសហការអនុវត្តជាមួយនាយកដ្ឋានចំនួន២ នៃក្រសួងមហាផ្ទៃ រួមមាន៖
*ទី១៖ នាយកដ្ឋានមុខងារ និងធនធាន
*ទី២៖ នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច។
ដោយមានកិច្ចសហការដ៏ល្អជាមួយនាយកដ្ឋានមុខងារ និងធនធាន កម្មវិធីទូរស័ព្ទដៃមួយមានឈ្មោះហៅថា «មតិយើង» ត្រូវបានអភិវឌ្ឍឡើងសម្រាប់ឲ្យប្រជាពលរដ្ឋមានឱកាសធ្វើការផ្ដល់ព័ត៌មានត្រឡប់ ដែលទាក់ទងនឹងការផ្តល់សេវាសាធារណៈ។ ការិយាល័យប្រជាពលរដ្ឋត្រូវប្រមូលព័ត៌មាន មតិយោបល់ និងធ្វើការសម្របសម្រួលឆ្លើយតបបានភ្លាមៗយ៉ាងមានប្រសិទ្ធភាពទៅប្រជាពលរដ្ឋវិញ សំដៅលើកែលម្អការផ្តល់សេវាសាធារណៈឲ្យកាន់តែមានការឆ្លើយតបឲ្យមានតម្លាភាព គណនយ្យ និងប្រកបដោយបរិយាបន្ន។
លោកស្រីក៏បានបញ្ជាក់ថា កន្លងមកគម្រោងនេះក៏បានរៀបចំវេទិការសាធារណៈថ្នាក់ឃុំ-សង្កាត់ចំនួន២០ នៅក្នុងតំបន់គោលដៅនៃគម្រោង ដើម្បីប្រមូលមតិយោបល់ពីប្រជាពលរដ្ឋទាក់ទងនឹងសេវាសាធារណៈជារួម និងផ្តោតទៅលើសេវារដ្ឋបាលផងដែរ៕