(ព្រះវិហារ)៖ សមិទ្ធផលនានា ដែលសាងសង់អស់ថវិកាចំនួន ២៣ម៉ឺនដុល្លារ ស្ថិតក្នុងវត្តឦសានគីរីសាមគ្គីមានជ័យ ហៅវត្តប្រយទ្ធ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៣ ក្រោមវត្តមានលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបម្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។
ពិធីនេះមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃ និងជូនចំពោះមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលមានព្រះវត្តមាន និងវត្តមានចូលរួមក្នុងពិធីបញ្ចុះខ័ណ្ឌសីមាក្នុងវត្តប្រយុទ្ធនៅពេលនេះ។
ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងប្រគេនព្រះសង្ឃ ជម្រាបជូនប្រជាពលរដ្ឋ ពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកថា មកដល់សព្វថ្ងៃវិស័យពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនខ្លាំង ដែលនេះផ្តើមចេញពីកត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកដឹកនាំ។
ដោយឡែកសមិទ្ធផលនានានៅក្នុងវត្តឦសានគីរី ហៅវត្តប្រយុទ្ធ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងកោតដល់ព្រះសង្ឃ លោកគ្រូចៅអធិការ គណៈកម្មការវត្ត ដែលបានរៀបចំនូវផែនការ សាងសង់ គម្រោងសាងសង់ និងរកថវិកាដើម្បីសាងសង់ ហើយក៏មានការគាំទ្រពីលោកគ្រូមេគុណខេត្ត អាជ្ញាធរដែនដី និងការចូលរួមពីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយផងដែរ។
ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀតគ្រប់វិស័យ ពិសេសត្រូវចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
លោកទេសរដ្ឋមន្ត្រី បានចូលរួមបច្ច័យកសាងនូវទឹកប្រាក់ចំនួន ៣២,៥០០,០០០លានរៀលផងដែរ៕