(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការប្រចាំទិសខេត្តបន្ទាយមានជ័យ បានដាស់តឿនកងកម្លាំងឈរជើងបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវសហការទប់ស្កាត់ ពលរដ្ឋឆ្លងដែនខុសច្បាប់តាមច្រករបៀងផ្សេងៗ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ដាស់តឿនបែបនេះ ក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងការពារព្រំដែន លេខ៥០៣ (ភ្នំខ្លែងពណ៌) នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់កងកម្លាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចូលរួមអនុវត្តការងារតាមផែនការថ្នាក់ដាក់ចុះ ចូលរួមសហការការងារគ្រប់ស្ថាប័ន គ្រប់កងកម្លាំង ដើម្បីការពារការធ្វើដំណើររបស់ ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីធ្វើការប្រទេសថៃ និងទប់ស្កាត់ប្រជាពលរដ្ឋដែលលួចចូលទៅធ្វើការប្រទេសថៃខុសច្បាប់។
លោកបានដាស់តឿនឱ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្រ្តាក់ រលំផ្ទះជាយថាហេតុផ្សេងៗ។ ចូលរួមធ្វើការដឹកនាំបញ្ជា និងការងារត្រៀមប្រយុទ្ធ ដូចជា ការថែរក្សារស្តារប្រព័ន្ធលេណដ្ឋានដែលមានស្រាប់ និងថែរក្សានូវយុទ្ធោបករណ៍គ្រប់ប្រភេទដែលថ្នាក់លើបានផ្តល់ឲ្យ។
បំផុសចលនាឲ្យកងកម្លាំងចូលរួមរៀនសូត្រ និងធ្វើការហ្វឹកហ្វឺនឲ្យបានគ្រប់តាមផែនការដែលថ្នាក់លើដាក់ឲ្យចូលរួមធ្វើយុទ្ធដំណើរទ័ព និងចូលរួមនៅក្នុងការងារកសាងពង្រឹងអង្គភាពរឹងលើគ្រប់វិស័យ តាមរយៈការងារបង្កបង្កើន ផលដាំបន្លែបង្ការ ដើម្បីបម្រើផ្ទះបាយ ជាពិសេសហូបស្អាតរស់នៅស្អាត៕