(ព្រះសីហនុ)៖ លោកឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្ដិការផ្ទាល់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជូនដល់លោក-លោកស្រីស្នងការរង នាយការិយាល័យ អធិការ អធិការរង មកពីផែនជំនាញពាក់ព័ន្ធ នៃអនុក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ខេត្តព្រះសីហនុ ដែលមានសមាសភាពចូលរួមសរុបចំនួន៧៧រូប។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រុមការងារ បសប.ហភ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងយន្តការប្រឆាំងការសម្អាតប្រាក់ និងលើកកម្ពស់ប្រសិទ្ធភាពការងារស៊ើបអង្កេតលើសញ្ញាណនៃបទល្មើសសម្អាតប្រាក់ប្រកបដោយនិរន្តរភាព ដែលក្នុងនោះរួមមានខ្លឹមសារមេរៀនមាន ដូចខាងក្រោម៖

*ទិដ្ឋភាពរួមនៃការងារប្រឆាំងការសម្អាតប្រាក់
*នីតិវិធីប្រតិបត្តិស្តង់ដារ (S.O.P) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់
*បច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់
*របៀបធ្វើសំណើសុំព័ត៌មានពីស្ថាប័នពាក់ព័ន្ធ
*ពិភាក្សាលើករណីសិក្សា។

គួរបញ្ជាក់ថា ក្រុមការងារ បសប.ហភ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោងនឹងបន្តរៀបចំវគ្គ វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» ជូនដល់នាយនគរបាលជាតិមកពីផែនជំនាញពាក់ព័ន្ធ នៅគ្រប់បណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត៕