(ត្បូងឃ្មុំ)៖ យុវជនចំនួន៤៨នាក់ (ស្រី៣៥នាក់) មកពីឃុំជាំ និងឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចូលរួមវេទិកាថ្នាក់រៀនស្ដីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ពិសេសគឺប្រព័ន្ធសន្តិសុខក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម ខេត្តត្បូងឃ្មុំ។
វេទិកាថ្នាក់រៀននេះធ្វើឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដែលដឹកនាំរៀបចំទស្សនកិច្ច និងធ្វើបទបង្ហាញដោយលោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម។
លោក ឡុង ដានី បានដឹកនាំយុវជនដើរទស្សនាពិព័រណ៍នៃបណ្តុំរូបថត រូបគំនូរ និងផែនទីទាំង១៣៣ នៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារកោះថ្ម ដោយចាប់ផ្តើមពីបណ្តុំរូបថតនៃសង្គ្រាមនៅក្នុងប្រទេសកម្ពុជានៅចុងទសវត្សឆ្នាំ១៩៦០ ចេញពីតំបន់កោះថ្ម, បណ្តុំរូបថតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បណ្តុំរូបថតនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បន្ទាប់ពីរបបខ្មែក្រហមបានដួលរលំនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩, បណ្តុំរូបថតភស្តុតាងអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម (១៩៧៥-១៩៧៩) បណ្តុំរូបគំនូដែលសមមិត្ត ហ៊ុន សែន (សមេ្តចតេជោ ហ៊ុន សែន) និងយុទ្ធមិត្ត៤រូបចាកចេញទៅប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងផែនទីបង្ហាញផ្លូវដែលសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤រូបបានចាកចេញពីបន្ទាយយោធានៅភូមិកោះថ្មទៅតំបន់ព្រំដែនអាងដាច់ដើមត្រយឹង (X-16) និងទីតាំងមួយចំនួននៅក្នុងស្រុកឡុកនិញ ខេត្តសុងប៊ែរ ប្រទេសវៀតណាម និងការបង្កើតអង្គភាព១២៥ ដែលជាកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដំបូងបង្អស់ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។
លោក ឡុង ដានី បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ស្តីអំពីប្រព័ន្ធសន្តិសុខក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ លោកថា បើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺមានប្រជាជនរាប់សែននាក់ត្រូវបានចាប់ខ្លួនយកទៅឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់យ៉ាងព្រៃផ្សៃនៅតាមមន្ទីរសន្តិសុខនានានៅទូទាំងប្រទេសកម្ពុជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ ខ្មែរក្រហមបានបង្កើតមន្ទីរសន្តិសុខប្រមាណជិត២០០កន្លែងនៅទូទាំងប្រទេស។ មន្ទីរសន្តិសុខ គឺជាពាក្យដែលខ្មែរក្រហមប្រើជំនួសពាក្យ គុក។
មន្ទីរសន្តិសុខ ឬគុក ត្រូវបានខ្មែរក្រហមប្រើប្រាស់ជាកន្លែងឃុំឃាំង កន្លែងសួរចម្លើយ និងកន្លែងសម្លាប់អ្នកទោស។
បើតាមនាយកមជ្ឈមណ្ឌលឯកសារកោះថ្មរូបនេះ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្មែរក្រហមបានរៀបចំមន្ទីរសន្តិសុខតាមកម្រិតដូចខាងក្រោម៖
១. មន្ទីរសន្តិសុខ៣កម្រិតដំបូង គឺកម្រិតឃុំ កម្រិតស្រុក និងកម្រិតតំបន់ ដែលភាគច្រើនជាកន្លែងឃុំឃាំងអតីតទាហាន និងមន្រ្តីរដ្ឋការនៃរបប លន់ នល់ និងអ្នកទោសផ្សេងទៀតដែលជាប្រជាជនសាមញ្ញជាប់ចោទពីបទលួចរបស់របរ ឬចំណីអាហារ ឬរត់ចោលកន្លែងធ្វើការងារ ឬនិយាយអាក្រក់ពីអង្គការ។
២. មន្ទីរសន្តិសុខកម្រិតភូមិភាគ គឺជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់យុទ្ធជនខ្មែរក្រហមគ្នាឯងនិងក្រុមគ្រួសារ និងអ្នកទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសផ្សេងៗនៅក្នុងភូមិភាគនោះ។
៣. មន្ទីរសន្តិសុខកម្រិតខ្ពស់បំផុត គឺជាមន្ទីរសន្តិសុខមជ្ឈិមដែលមានឈ្មោះសម្ងាត់ហៅថា មន្ទីរស-២១ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ ឬគុកទួលស្លែង។ អ្នកទោសនៅមន្ទីរស-២១ស្ទើរតែទាំងអស់ជាអតីតកម្មាភិបាល កងទ័ពខ្មែរក្រហមនិងក្រុមគ្រួសារដែលជាប់ចោទពីបទក្បត់អង្គការ (បក្សកុម្មុយនីស្តកម្ពុជា)។ មានអ្នកទោសតិចតួចណាស់ដែលបានរួចជីវិតពីមន្ទីរស-២១។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានបែងចែកខ្មាំងជា២ប្រភេទ គឺសត្រូវខាងក្នុង និងសត្រូវខាងក្រៅ។ សត្រូវខាងក្នុង គឺជាប្រជាជនថ្មី មន្ត្រីរដ្ឋការពីរបបមុន ជនជាតិដើមភាគតិចតំបន់ភ្នំ ជនជាតិភាគតិចចាម ជនជាតិភាគតិចវៀតណាម ជនជាតិភាគតិចចិន បញ្ញវន្តជាដើម។ សត្រូវខាងក្រៅ គឺសំដៅទៅពួក CIA របស់សហរដ្ឋអាមេរិក ពួក KGB របស់អតីតសហភាពសូវៀត ពួកមកពីប្រទេសថៃ ប្រទេសវៀតណាម បណ្តាលប្រទេសសង្គមនិយមមួយចំនួនទៀត។ ជនបរទេស ប្រជាជនខ្មែរ និងកម្មាភិបាលកងទ័ពខ្មែរក្រហមដែលបានជាប់ចោទថា បានបម្រើការងារជាភ្នាក់ងារឲ្យប្រទេសទាំងនោះស្ទើរតែទាំងអស់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់នៅមន្ទីរស-២១។
លោក ឡុង ដានី បានចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្តីពីគុកទួលស្លែង (មន្ទីរស-២១) ឲ្យយុវជនដែលចូលរួមវេទិកាបានទស្សនា។ លោកក៏បានធ្វើបទបង្ហាញបន្ថែមលើប្រធានបទស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ការប្រើប្រាស់អំពើហិង្សា ការរើសអើង និងផលវិបាករបស់វា។
យុវតី ស៊ុន សុម៉ាលីស អាយុ១៦ឆ្នាំ មកពីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្រែតានងកើត បានបង្ហាញអារម្មណ៍ភ្លឺស្វាងជាមួយទស្សនកិច្ចសិក្សា និងចូលរួមវេទិកាស្តីពីប្រវត្តិសាស្រ្តខ្មែរក្រហម នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម ព្រោះវិទ្យាល័យពុំធ្លាប់ដែលបានចូលរួមពីមុនមកទេ។ នៅពេលដែលសុម៉ាលីសចូលមកដល់កន្លែងពិព័រណ៍ រូបគេឃើញថាមានការរៀបចំបានស្អាត ហើយមានទាំងផ្ទាំងគំនូរនៃការធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំជំនួយក្នុងការរៀបចំបង្កើតកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយពីបានស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូឡុង ដានី រួចមក យុវតីរូបនេះទទួលបានចំណេះដឹងច្រើនជាងមុនទាំងវិធីទប់ស្កាត់ និងផលប៉ះពាល់ពីរបបប្រល័យពូជសាសន៍។
យុវជន គុណ ជិនប៉ាវ អាយុ១៩ឆ្នាំ មកពីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន លាជលើ បានឱ្យដឹងដែរថា នៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម រូបគេឃើញមានការរៀបចំបានស្អាតអំពីរូបថតជំនាន់ខ្មែរក្រហម រូបភាពបន្ទាប់ពីរំដោះឆ្នាំ១៩៧៩ រួចផ្ទាំងគំនូរផែនទីរណ្ដៅសាកសពជាច្រើនកន្លែងដែលលោកប្រធានមជ្ឈមណ្ឌលឯកសារកោះថ្ម បានពន្យល់ណែនាំអំពីរូបភាព ផ្ទាំងគំនូរដែលមាននៅក្នុងនោះ។ ក្រោយពីបានមកទស្សនកិច្ច និងចូលរួមវេទិកានៅទីនេះរួចមក ជិនប៉ាវទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនដែលខ្មែរក្រហមបានធ្វើបាបប្រជាជនឲ្យធ្វើការលើសពី១២ម៉ោងនៅក្នុងមួយថ្ងៃ បំបែកបំបាក់គ្រួសារមិនឲ្យរស់នៅជួបជុំគ្នា ក្មេងដែលមានអាយុចាប់ពី១៥ទៅ១៦ឆ្នាំឡើងត្រូវធ្វើជាកងចល័ត យោធា ហើយចំពោះកុមារក៏ត្រូវធ្វើការដូចគ្នា។ ស្រូវដែលប្រជាជនធ្វើបានយកទៅលក់ឲ្យបរទេស ហើយប្រជាជនត្រូវបរិភោគអាហារមិនគ្រប់គ្រាន់។ ជិនប៉ាវនឹងខិតខំរៀនសូត្រ ហើយចែករំលែកអ្វីដែលខ្លួនទទួលបានទៅដល់ក្មេងៗជំនាន់ក្រោយដែលគាត់ពុំសូវបានសូត្រអំពីប្រវត្តិសាស្រ្ត ឲ្យគាត់បានដឹងអំពីផលវិបាក និងវិធីទប់ស្កាត់នៃរបបប្រល័យពូជសាសន៍៕