(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សប្បុរសជន បានបរិច្ចាគថវិកាជិត ២,៨៥០,០០០ដុល្លារអាមេរិក ជូនគណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។ នេះបើតាមរបាយការណ៍ដែលបណ្តាញ Fresh News ទទួលបាន។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានសម្រេចបង្កើត គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា «យ.ជ.ប.ទ.» ដែលមានសមាស ភាពដូចខាងក្រោម៖
* សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ជាប្រធានកិត្តិយស។
* លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធាន។
* នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន។
គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចដូចតទៅ៖
* ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ
* ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខ លំបាក។
* រៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារីបានបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំ បញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។
សមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានដឹកនាំកិច្ចប្រជុំរបស់គណៈយុទ្ធ មិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានសិទ្ធិបង្កើតក្រុមការងារតាមការចាំបាច់។ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បង្កើតមូលនិធិតេជោ១២៥ សម្រាប់ដំណើរការងាររបស់ខ្លួន។
សូមជម្រាបថា អង្គភាព «១២៥» គឺជាឈ្មោះអង្គភាពដំបូងនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ដែលមានគោលដៅឆ្ពោះទៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្រ្គោះអាយុជីវិតប្រជាជន៕