(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ អញ្ជើញក្នុងពិធីរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ពិធីនោះក៏មានការចូលរួមពីសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក-ឃុំ និងក្រុមការងារយុវជនគណបក្ស នៃស្រុកកៀនស្វាយ។

អគារទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយនេះ ត្រូវបានផ្ដួចផ្ដើមសាងសង់ដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដើម្បីប្រើប្រាស់ក្នុងការពង្រឹងការងារបក្ស និងសមត្ថភាពសមាជិកបក្ស ដូចជាការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលគោលនយោបាយគណបក្ស និងការជួបជុំមហាជនជាដើម។

អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយនេះ ត្រូវបានរៀបចំសាងសង់ឡើងយកលំនាំ ទម្រង់និងរចនាបថ តាមអគារវិមាន ៧មករា (ស្នាក់ការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា) លើផ្ទៃដីសរុបទំហំជាង ៣ហិចតា ដោយមានទីតាំងស្ថិតនៅក្នុងភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

អគារនេះ មានបណ្ដាយ ៥៦ ម៉ែត្រ ទទឹង ៤២,៥ម៉ែត្រ ដែលមានបន្ទប់ការិយាល័យចំនួន៤, បន្ទប់ប្រជុំចំនួន ១, និង សាលប្រជុំធំ ១ ដែលអាចផ្ទុកអ្នកចូលរួមបានប្រមាណជាង ៦០០ នាក់។

ទីស្នាក់ការគណបក្សនេះ នឹងមានទីធ្លាធំទូលាយដែលអាចរៀបចំពិធីជួបជុំ មហាជនបានប្រមាណជាង ៤ ០០០ នាក់ លម្អដោយសួនច្បារ និងដើមឈើ ព្រមទាំងរៀបចំទីតាំងចតយានយន្ត បានជាច្រើនគ្រឿង ប្រកបដោយសណ្តាប់ធ្នាប់ផងដែរ។

ការសាងសង់នេះ គ្រោងនឹងប្រើប្រាស់រយៈពេល១២ខែ ប៉ុន្តែទីធ្លាសម្រាប់ជួបជុំមហាជន នៅផ្នែកខាងក្រៅអគារ គ្រោងនឹងបញ្ចប់ក្នុងខែឧសភា ឬមិថុនា ឆ្នាំ២០២៣ មុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕