(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម BKS វ័យក្មេង និងជាតារាសម្ដែងមួយរូបផងនោះ លោក ឈុន សុវណ្ណភក្តី បានថ្លែងនៅក្នុងពិធីបើកសម្ពោធ ចាក់បញ្ចាំងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះថា រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» នឹងទទួលបានជោគជ័យខ្ពស់ លើសពីការរំពឹងទុក ព្រោះលោកបានមើលឃើញថា ទស្សនិកជនបានគាំទ្រខ្លាំង ជាពិសេសយុវវ័យ ខណៈភាពយន្តនេះត្រូវបានផលិតកម្មរបស់លោក សម្រិតសម្រាំងឡើងយ៉ាងល្អ និងជាចំណីចក្ខុថ្មីមួយទៀត បែបកំប្លែងជូនដល់អ្នកទស្សនា។
ជាចាងហ្វាងផលិតកម្ម និងជាតារាសម្ដែងក្នុងរឿងរបស់ខ្លួនឯង លោក ឈុន សុវណ្ណភក្តី បានបន្ថែមថា រឿង «អាស៊ុយទ្រីស្មោះស្នេហ៍» លោកបានចំណាយទុនផលិត ប្រមាណជាង៧ម៉ឺនដុល្លារ ដោយមានតួសម្ដែងល្បីៗចូលរួម និងមានបច្ចេកទេសស្ដង់ដារ អាចទទួលយកបាន ព្រោះឧបករណ៍ដែលបានប្រើ ក្នុងការផលិតកុននេះ សុទ្ធសឹងតែទំនើបៗថ្មីៗ រូបភាពច្បាស់ល្អ និងមានឈុតឆាក កំប្លែង តាំងពីដើមរហូតដល់ចប់ លាយឡំមនោសញ្ចេតនា សម្រក់ទឹកភ្នែក បានញ៉ាំងឲ្យទស្សនិកជន ដែលទស្សនាផ្ទាល់ សើចហើយសើចទៀត ជាមួយនឹងសកម្មភាពឡប់ៗ របស់រូបលោកផងដែរ។
ចាងហ្វាងផលិតកម្មវ័យក្មេង និងជាតួឯកក្នុងរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» លោក ឈុន សុវណ្ណភក្តី បានឲ្យដឹងថា សម្រាប់ភាពយន្តនេះ លោករំពឹងជោគជ័យច្រើន រហូតដល់ទៅ៨០ ភាគរយ ព្រោះតែរឿងទី២នេះ ផលិតកម្មលោកបានសម្រិតសម្រាំង ទាំងគុណភាព គ្រប់បែបយ៉ាង ធ្វើយ៉ាងណាអាចប្រកួតប្រជែង នៅលើទីផ្សារបាន។
ឈុន សុវណ្ណភក្តីនិយាយថា «ភាពយន្តនេះខាងផលិតកម្មខ្ញុំផលិតអស់ជាង ៧ម៉ឺនដុល្លារ ជាមួយនឹងឧបករណ៍ទំនើបៗ និងតួល្បីៗ យកមកសម្តែង ដូច្នេះខ្ញុំរំពឹងថា នឹងជោគជ័យ ព្រោះមានការ Comment និង Link ច្រើនពេលចេញជា trailler ក្នុង Facebook ហើយជាក់ស្ដែងនៅថ្ងៃដាក់បញ្ចាំងនេះ ក៏ឃើញមានទស្សនិកជនមករង់ចាំចូលទស្សនាច្រើនដែរ»។
ជាមួយនឹងការរំពឹងខ្ពស់នេះដែរ លោកក៏បានអះអាងថា ខាងផលិតកម្ម BKS នឹងប្តេជ្ញាចិត្ត ផលិតរឿងឲ្យបាន ២រឿងក្នុងមួយឆ្នាំ ហើយភាពយន្តក្រោយនេះ អាចនឹងនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ ហើយក៏នឹងបន្តប្រកាន់គោលជំហរ ផលិតបទចម្រៀង Original Song ទៀតផង៕